លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀម រាប របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើក លែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។ យោងព្រះរាជក្រឹត្យលេខ នស/កត/០៨១៨/៨៩២។
ក្រោយពីទទួលបានព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រនៃកម្ពុជា សាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាបង្គាប់ ឲ្យប្រធានពន្ធនាការដោះលែងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាព នៅរសៀលថ្ងៃទី២៥ សីហា នេះផងដែរ។
សូមរំលឹកថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ។
អតីតតំណាងរាស្រ្តរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញា ព្រំដែនកម្ពុជាវៀតណាម ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ តុលាការបានដោះលែងអ្នកទោសនយោបាយ សកម្មភាពដីធ្លី និងអ្នកសារព័ត៌មានជាច្រើននាក់។