header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​តុលាការកំពូល កាលពីព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៨នេះ បានសម្រេចឲ្យ​បុរសជនជាតិវៀតណាមចំនួន៨នាក់ ដែលចូលមកលួចកាប់ឈើនៅតំបន់ហាមឃាត់កែវសីម៉ា ខេត្តមណ្ឌលគិរី នៅក្រៅឃុំ។

ជនជាប់ចោទទាំង៨នាក់ ដែលតុលាការកំពូ​លឲ្យនៅក្រៅឃុំនោះ ទី១ឈ្មោះ វ៉ ថាន់ជុង , ២ ឈ្មោះ ផាង ទីតឹង , ៣ឈ្មោះ វ៉ាង  វ៉ាងហ៊ឹង, ៤ឈ្មោះ វ៉ូ វ៉ាងមិន, ៥ ឈ្មោះ វៀង ជាងថាំង, ៦ឈ្មោះ វ៉ាង វណ្ណឃីម, ៧ ឈ្មោះ វឹន ថាន់សាំង , ៨ ឈ្មោះ វឹន វ៉ាងលីន។

ជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពាក់ព័ន្ធនិងបទល្មើសព្រៃឈើនៅតំបន់ហាមឃាត់កែវសីម៉ា ខេត្តមណ្ឌលគិរី។ កន្លងមកសំណុំរឿងនេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកោះហៅលោក ច្រឹង ចន្ថា អភិបាលរងខេត្តមណ្ឌលគីរីឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីសាកសួរពាក់ព័ន្ធករណីអនុញ្ញាតឲ្យ​យួន ចូលមកកាប់ឈើខ្មែរ នៅតំបន់អភិរក្សកែវសីម៉ា។

បើតាមប្រភពព័ត៌មានបញ្ជាក់ថា លោក ច្រឹង ចន្ថា ត្រូវបានកោះហៅ ដើម្បីសាកសួរពីដំណើរ រឿងឆ្លងដែនខុសច្បាប់ ប្រមូលដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត របស់រដ្ឋបាលព្រៃឈើការនាំចេញឈើទៅបរទេសដោយគ្មានអាជ្ញាប័ណ្ណ និងមិនប្តឹងបរិហារបទឧក្រិដ្ឋ ឬមជ្ឈិម ដោយអ្នករាជការសាធារណៈ ។

យ៉ាងហោចណាស់មានមន្ត្រីគ្រាក់ៗនៅខេត្តមណ្ឌល់គិរីចំនួនជិត៣០នាក់ ត្រូបានកោះហៅអោយចូលតុលាការក្នុងរឿងក្ដីកាប់ឈើនេះ រួមមាន ៖ អភិបាលរងខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ចៅហ្វាយស្រុក មេបញ្ជាការព្រំដែន មេប៉ុស្តរដ្ឋបាល និងព្រះរាជអាជ្ញារងខេត្តផងដែរដើម្បីសាកសួរ ហើយរឿងក្ដីនេះនៅមិនទាន់បញ្ចប់នៅឡើយ។

សូមរំលឹកថា កាលពីព្រលឹមស្រាងៗ ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបទីតាំងកាប់ផ្តួលរលំឈើហ៊ុប នៅតំបន់អូរហ៊ុច និងអូរលៃក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទល្មើសជាក់ស្តែង ពីសកម្មភាពជនជាតិវៀតណាម ដឹកជញ្ជូនឈើឆ្លង ទៅវៀតណាម។ ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ និងចាប់យករថយន្តបាកុង៨គ្រឿងទៀតផង ជាមួយ ឈើហ៊ុបជិត១០០កំណាត់។

រឿងក្ដីកាប់ឈើនេះ ត្រូវបានផ្ទេរសមត្ថកិច្ច មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ ដោយសារអ្នកពាក់ព័ន្ធ សុទ្ធតែជាមន្ត្រីធំៗ ក្នុងខេត្តមណ្ឌល់គិរី រួមទាំងកងកំលាំងប្រដាប់អាវុធ វរៈការពារព្រំដែន និងនគរបាលប៉ុស្តរដ្ឋាបាលអូហ៊ុច និងអូរលៃជាដើម។

កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ពួកជនជាតិវៀតមណាមនាក់ ដែលចូលមកកាប់ឈើខ្មែរ ក្នុងស្រុកកែវសីម៉ានោះ ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ខែ និងពិន័យប្រាក់ក្នុងម្នាក់ ៥០លានរៀលបង់ចូលថវិការរដ្ឋ។ ចំណែកក្រុមមន្ត្រីខ្មែរ ដែលជាប់ពាក់ព័ន្ធ ត្រូវបានបំបែក សំណុំរឿង មួយផ្សេងទៀត ដោយរឿងក្ដីនេះ ស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាអ្នកសាកសួរ ហើយកន្លងមក តុលាការបានកោះហៅលោក សាក់ សារ៉ាង អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌល់គិរី មកធ្វើការសាកសួររួចហើយ និងបន្តកោះហៅលោក ច្រឹង ចន្ថា អភិបាលរងខេត្តមណ្ឌល់គិរី ទទួលបន្ទុកសេដ្ឋកិច្ច ដើម្បីសាកសួរ ។

បើតាមប្រភពព័តមានបានបញ្ជាក់ទៀតថា មានមន្ត្រីធំគ្រាក់ៗ នៅក្នុងខេត្តមណ្ឌល់គិរី ប្រមាណជិត៣០នាក់ នឹងត្រូវតុលាការ កោះហៅ អោយចូលខ្លួនមកតុលាការ ដើម្បីសាកសួររឿង អនុញាតអោយយួន ចូលមកកាប់ឈើខ្មែរ ក្នុងខេត្តមណ្ឌល់គិរីនេះ ។ ក្នុងតុលាការខ្មែរ កាលពីខែវិច្ឆិកាកន្លង ទៅពួកជនជាតិវៀតណាម៨នាក់ ដែលត្រូវចាប់ខ្លួនបានសារភាពថា នៅក្នុងអំឡុងពេល១ឆ្នាំ ដែលពួកគេចូលមកកាប់ឈើក្នុងដីខ្មែរ មានឈើមូលប្រមាណជាង១ ០០០ឡាន ត្រូវពួកគេកាប់ដឹកចេញ ទៅប្រទេសវៀតណាមអស់ហើយ នៅសល់ប្រហែល១០០ឡានទៀតតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post