នៅព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម និងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងអនុវត្តន៍ឱ្យបានទាន់ពេលវេលា លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០១៨។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងនៅចំពោះមុខគណៈប្រតិភូ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានដ៏ល្អប្រសើរ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងក្រសួងពាក់ព័ន្ធដែលបានជួយគាំទ្រដល់ការអភិវឌ្ឍលើវិស័យកសិម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថាបេសកកម្មរបស់គណៈប្រតិភូចិននាពេលនេះ មានសារៈសំខាន់ណាស់ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មវិស័យ កសិកម្ម នៅកម្ពុជាសម្រាប់រយៈពេលវែង ២០១៩-២០៣០។
ដោយឡែក ឯកឧត្តម ហ៊ាន វ៉ានហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជានេះនឹងធ្វើការផ្តោតទៅលើបច្ចេកទេស និងមន្ទីរពិសោធន៍កសិកម្ម។
ឯកឧត្តមអគ្គនាយក បន្ថែមថាតាមផែនការដែលបានគ្រោងទុក ក្រុមបេសកកម្មរបស់ប្រទេសចិន នឹងធ្វើការបែងចែកជាពីរក្រុម ដែលក្នុងមួយក្រុមៗមានសមាជិកចំនួន ៦នាក់ ត្រូវចុះសិក្សាតាមបណ្តាខេត្តចំនួន១២ ដែលមានសក្តានុពលលើវិស័យកសិកម្ម ក្នុងនោះ០៦ខេត្តនៅភាគខាងត្បូង និង០៦ខេត្តនៅភាគខាងជើងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាបេសកកម្មនឹងបញ្ចប់របាយការណ៍បឋម របស់ខ្លួននៅបំណាច់ខែសីហាខាងមុខនេះ ហើយនឹងមានរៀបចំពិធីចុះហត្ថលេខាលើរបាយការណ៍បឋមនេះ រវាងភាគីកម្ពុជា និងភាគីចិន។