header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា មិត្តចិន រីករាយស្វាគមន៍ និងបន្តជួយអភិវឌ្ឍកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈកម្ពុជា រំពឹងថា ភ្ញៀវទេសចរចិន នឹងមកទស្សនាកើនឡើងដល់២លាននាក់ នៅឆ្នាំ២០២០។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្យបន្ទាប់។

សម្ដេចតេជោថា “នៅខែក្រោយនេះ សម្តេច នឹងអញ្ជើញទៅចូលរួមពិព័រណ៍ចិន នៅទីក្រុងណានណិន ប្រទេសចិន ដែលកម្ពុជា ជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសវៀតណាម ផងដែរ។ មិត្តចិន រីករាយស្វាគមន៍កម្ពុជា ហើយនឹងបន្តជួយសម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើន”។

ឱកាសនោះដែរ សម្ដេចតេជោ ក៏បានបំពាក់មេដាយគ្រឿងឥស្សរិយយសកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក សុង ថាវ ដែលបានចូលរួមប្រឹងប្រែងជួយកម្ពុជា។ សម្តេច អរគុណចំពោះសារលោក ស៊ុន ថាវ ពាំនាំពីលោកប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញជូនលោក សុង ថាវ នូវកំណែទម្រង់របស់កម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ ដែលបានធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់សម្តេច នឹងឈានមកទទួលជោគជ័យ នៅក្នុងដំណើរការបោះឆ្នោត ថ្នាក់ជាតិកន្លងមក។

ក្នុងនាមរដ្ឋាភិបាលចិន លោក ស៊ុន ថាវ បានសម្ដែងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀត ក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់បន្ថែមទៀត។

លោកបញ្ជាក់ថា កម្ពុជា គឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ លោកថា ទោះបីមានអ្វីកើតឡើងក៏ដោយ ក៏ទំនាក់ទំនងនេះ នៅតែបន្តយ៉ាងរឹងមាំដដែល ហើយគ្មានអ្វីផ្លាស់ប្ដូរបានឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានេះដែរ ក៏មានកិច្ចសន្យា និងកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវបានចុះហត្ថលេខា រវាងប្រមុខដឹកនាំ នៃប្រទេសទាំងពីរ ក្នុងការជួយកម្ពុជា ឲ្យកាន់តែរីកចម្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post