ស្ទឹងត្រែងៈ ទូកដឹកឈើគ្រឿងផ្ទះមួយគ្រឿង ត្រូវបានជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការបង្ក្រាបបានភ្លាមៗ ខណៈក្រុមឈ្មួញកំពុងដឹកចេញពីចំណុចភូមិញ៉ឺន ឆ្លងកាត់តាមទន្លេសេកុង ចូលក្នុងទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ស្រុកសំបូរ ខេត្តក្រចេះ។
ករណីចាប់ទូកដឹកឈើខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៤៨នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានសេកុងត្រើយម្ខាង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើគ្រឿងផ្ទះខាងលើនេះផងដែរ ម្ចាស់ឈើបានឲ្យដឹងថា មុននឹងពួកគាត់ហ៊ានដឹកឈើនេះ ពួកគាត់បានរត់ច្បាប់នៅខេត្តក្រចេះ ដោយមានស៊ីញ៉េបោះត្រាចេញពីភូមិ ឃុំ រួចហើយ។ ប៉ុន្តែពេលដឹកចេញពីខេត្តស្ទឹងត្រែង គឺគាត់ពុំស្គាល់អ្នកណាឡើយដោយសំអាងថា ខ្លួនមានក្រដាសស្នាមត្រឹមត្រូវ។
ម្ចាស់ឈើបន្តថា ឈើរបស់ពួកគាត់ បានទិញស្តុកនៅភូមិញ៉ឺននោះ មានចំនួន១៥ម៉ែត្រគូប។ ប៉ុន្តែឈើ ដែលពួកគាត់បានដឹកមកនេះ គឺមានមិនដល់១០ម៉ែត្រគូបទេ គឺមានប្រហែលជា៨ ម៉ែត្រគូបប៉ុណ្ណោះ។ ដោយពួកគាត់លើកឡើងថា ឈើដែលគាត់ផ្ញើគេទុកនោះ ត្រូវបានចោរលួចអស់មួយចំនួនទៅហើយ។
បច្ចុប្បន្នទូកឈើដឹកឈើខាងលើ ត្រូវបានសមត្ថកិច្ចនិងជំនាញអូសយកមករក្សាទុកនៅចំណុចកំពុងសាឡាង ក្នុងក្រុងស្ទឹងត្រែងសិន រង់ចាំដល់ព្រឹកស្អែក ទើបដឹកយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត៕