header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ រថយន្តសឺរ៉ែនរបស់អាវុធហត្ថខេត្តបន្ទាយមានជ័យ តាមប្រដេញប្រកិតប្រកើយ រថយន្តដឹកសត្វព្រៃលឿនដូចហោះ ផ្អើលខេត្ត រត់មិនរួច បើកទំលាក់ទឹកស្រះលោតទំលាក់ខ្លួន តែរត់មិនរួច ជាប់ទាំងព្រូ និងតៃកុង២នាក់ ។

ហេតុការណ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសសត្វព្រៃនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបើករត់គេចបុកបារ៉ាស់រថយន្តប៉េអឹម ពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ រួចរត់តាមផ្លូវជាតិលេខ៥ រហូតដល់ផ្លូវជាតិលេខ៦ សំដៅទៅសៀមរាប ដល់ចំណុចខាងលើ រត់មិនរួចដោយ សមត្ថកិច្ចយករថយន្តធុនធំបិទផ្លូវ ទើបបង្កឲ្យរថយន្តដឹកសត្វព្រៃ បត់ស្តាំសំដៅចូលផ្ទះអ្នកស្រុកលោតទំលាក់ពីរថយន្ត បណ្តាលឲ្យរថយន្តហោះធ្លាក់ចូលស្រះ ។

តាមការឲ្យដឹងពីលោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ដោយទទួលបានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លើការបញ្ជាឲ្យចេញកម្លាំងទប់ស្កាត់រថយន្តដឹកបទល្មើសសត្វព្រៃ ដែលកម្លាំងខេត្តកំពុងប្រដេញចាប់ ទើបលោកស្នើសុំរថយន្តយីឌុប ឲ្យឈប់ពាំងផ្លូវ មិនឲ្យរថយន្តទៅមុខរួច ទើបធ្វើឲ្យរថយន្តហាឡែនដឺ ពណ៌ទឹកប្រាក់ ដែលសមត្ថកិច្ចកាក់មិនឈប់ បើកគេចចូលផ្ទះពលរដ្ឋ ហើយធ្លាក់ចូលទឹកស្រះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ បាន ផារៈ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ាន់ យេង ភេទប្រុស អាយុ៣៩ឆ្នាំ អ្នកទាំង២រស់នៅ ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានបញ្ជូនទៅអាវុធហត្ថខេត្តភា្លម ៗ ចំណែករថយន្តដែលធ្លាក់ចូលក្នុងស្រះ បានយករថយន្តសន្ទូចពីរគ្រឿងមកស្ទូចចេញពីក្នុងស្រះ ដោយក្នុងរថយន្តផ្ទុកទៅដោយសត្វព្រៃពេញមួយរថយន្ត រួមមាន សត្វអណ្តើក កន្ធាយ អន្សង ក្នុងនោះ មួយចំនួនត្រូវបានរួចហែលពេញស្រះ ។ រថយន្តមានពាក់ស្លាក់លេខ ភ្នំពេញ 2Y-9941 សេរីឆ្នាំ២០០៥ ហើយក្នុងរថយន្តមានស្លាកលេខផ្សេងទៀតដូចជា ភ្នំពេញ 2Z-9183 ។ ក្រោយស្ទូចឡើងមកលើសមត្ថកិច្ចបាន ប្រមូលទាំងសត្វ និងរថយន្តបញ្ជូនមករក្សាទុកនៅអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

តាមព័ត៍មានដែលទទួលបាន រថយន្តដឹកសត្វព្រៃនេះ គឺនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក សំដៅទៅខេត្តសៀមរាប ។ មកដល់រសៀលថ្ងៃដដែល សមត្ថកិច្ចមិនទាន់បានបង្ហាញពីចំនួនជាក់លាក់ និងជនសង្ស័យ ដល់អ្នកសារព័ត៌មាននៅឡើយទេ ។

សូមបញ្ជាក់ផងដែរថា ជំនួញសត្វព្រៃឆ្លងដែនពីប្រទេសថៃមកកម្ពុជា បន្តទៅប្រទេសដទៃទៀត កើតមានជារើយៗ តាមរយៈការឃុបឃឹតរបស់ឈ្មួញ ជាមួយសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និងសមត្ថកិច្ចមួយចំនួននៅខាងក្នុង បើមិនដូច្នោះទេរាល់ជំនួញសត្វព្រៃ តែងរងនៅការតាមចាប់ប្រផាប់ប្រផីង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post