កណ្ដាលៈ កម្លាំងនគរបាលក្រុងតាខ្មៅ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានឆ្មក់បង្ក្រាប ក្នុងផ្ទះសំណាក់ “ឡាលីន” ស្ថិតនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ចំនួន២បន្ទប់លេខ១០១និង១០២ ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ រួមទាំងគ្រឿងញៀនចំនួនជាង៣០កញ្ចប់។
សមត្ថកិច្ច បានឲ្យដឹងថា មនុស្សប្រុសស្រី៦នាក់ កំពុងពពាក់ពពូនគ្នាជក់គ្រឿងញៀន ក្នុងផ្ទះសំណាក់ខាងលើ ខណៈពេលឃើញសមត្ថកិច្ចទៅដល់ ពួកគេបានបោះចោលវត្ថុតាងចូលក្នុងបង្គន់ ដើម្បីបំបិទភស្តុតាងផងដែរ ។
បើតាមមជ្ឈដ្ឋានមួយចំនួន សង្ស័យថា ម្ចាស់ផ្ទះអាចបើកភ្លើងខៀវ ទើបពួកជនទាំងនោះអាចប្រើប្រាស់ថ្នាំញៀនបាន គួរណាស់សមត្ថកិច្ចស៊ើបអង្កេតឲ្យបានល្អិតល្អន់។
ក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានដកហូត ម៉ូតូ៣គ្រឿងទូរសព្ទ័ដៃ ម៉ាក Samsung 6គ្រឿង ទូរសព្ទ័ម៉ាក Oppo ១គ្រឿង ទូសព្ទ័ដៃម៉ាក NOKiA 3គ្រឿង នាឡិការដៃ២គ្រឿង និងលុយខ្មែរចំនួន២លានរៀល។
ចំពោះជនសង្ស័យ និងវត្ថុតាងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ បើតាមអ្នកច្បាប់អះអាងថា បើត្រឹមតែជក់គ្រឿងញៀន អាចមានវិធានការអប់រំបាន តែបើចូលលក្ខណៈជួញដូរគ្រឿងញៀនផង ជក់ផង គឺច្បាប់មិនលើកលែងទេ ពោលគឺ ទ្វារគុកជំហរបើកទ្វាររង់ចាំហើយ ៕