បាត់ដំបងៈ សពក្មេងប្រុសម្នាក់ ដែលសល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់ ត្រូវបានគេប្រទះឃើញនៅក្នុងដីចម្ការមួយកន្លែង ក្បែរជើងភ្នំ ដោយមិនទាន់មានប្រភពណាមួយអះអាងថាយ៉ាងណានោះទេ ដោយសារតែគ្រោងឆ្អឹងនេះ ស្ថិតនៅពាសវាលពាសកាល ទំនងជាមានសត្វសាហាវខាំស៊ីជាអាហារ។
ការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការដំឡូងមួយកន្លែងក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកន្លងមកតំបន់ជើងភ្នំនេះ ប្រជាពលរដ្ឋមានការខ្លាចរអាផងដែរ ដោយសារតែមានសត្វសាហាវ នៅសេសសល់ ដូចជាសត្វឆ្កែចចកជាដើម។
បើតាមការរៀបរាប់ពីម្ចាស់ចម្ការឈ្មោះ ឃន បឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាននិយាយថា នៅថ្ងៃនោះ លោកបានជួលកម្មករឲ្យទៅបាញ់ថ្នាំស្មៅនៅក្នុងចម្ការដំឡូងរបស់គាត់ ក៏ស្រាប់តែបានប្រទះឃើញ គ្រោងឆ្អឹងមនុស្សម្នាក់ ស្ថិតនៅរាយប៉ាយលើដីចម្ការ រួមជាមួយនិងសម្លៀកបំពាក់ផង ហើយនៅក្បែរសពក៏មានចំពាមកៅស៊ូ និងកញ្ចប់បារីផងដែរ ទើបម្ចាស់ចម្ការរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ។
នៅពេលនោះដែរ បន្ទាប់ពីមានការភ្ញាក់ផ្អើលរួចមក លោក ផង់ ភឿន អាយុ៤២ឆ្នាំ រួមជាមួយនិងប្រពន្ធឈ្មោះ លី ស្រីនាង អាយុ៤៧ឆ្នាំ ទាំងពីរនាក់ ធ្វើការជាកម្មករ បានអះអាងថា ដោយយោងតាមសម្លៀកបំពាក់ និងសម្ភារៈដែលនៅជុំវិញ គឺសពនេះ ពិតជាកូនប្រុសរបស់គាត់ យ៉ាងពិតប្រាកដ ។
លោកទាំងពីរបានបន្តថា កូនរបស់គាត់ឈ្មោះ ភឿន ភក្តី អាយុ១២ឆ្នាំ ជាកូនទី៦ ក្នុងចំណោមកូនរបស់គាត់ទាំង១០នាក់ ប៉ុន្តែគាត់ក៏មានការសោកស្តាយដែរ ចំពោះកូនប្រុសរបស់គាត់ដែលកន្លងមក ក៏ធ្លាប់បាត់ខ្លួន២យប់ ទៅ៣យប់ដែរ ទើបគេចូលផ្ទះព្រោះគេជាក្មេង ដែលចេះប្រើប្រាស់ថ្នាំញៀនផង និងជក់បារីផង ហើយការបាត់ខ្លួនលើកនេះ មានរយៈពេល១២ថ្ងៃមកហើយ ដោយមិនដឹងជាទៅទីណា ទើបតែពេលនេះក៏ស្រាប់តែមានការភ្ញាក់ផ្អើលតែម្តង។
បច្ចុប្បន្នឆ្អឹងកូនប្រុសរបស់គាត់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នាំយកទៅធ្វើកោសលវិច័យ នៅខេត្តបាត់ដំបង ដើម្បីចង់ដឹងការពិត៕