
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃស្អែកនេះ នឹងអញ្ជើញជួបប្រជុំ ព្រមទាំងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។
យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេច នៅព្រឹកថ្ងៃទី២០ ខែសីហានេះ ថា “នៅថ្ងៃស្អែក ទី២១ សីហានេះ ខ្ញុំនឹងជួបប្រជុំ ព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ ព្រោះថា ការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញអោយឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ”។
សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន៕
