
រដ្ឋាភិបាលសង្គមនិយម នៃប្រទេសវៀតណាម បានសម្ដែងការអបអរសាទរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាថ្មីម្ដងទៀត ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៦នេះ ការថ្លែងសាទររបស់រដ្ឋាភិបាលវៀតណាមនេះ ធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស។ នេះបើយោងតាមសារព័ត៌មានវៀតណាម។
លោកស្រី Lê Thị Thu Hằng បានប្រាប់អ្នកសារព័ត៌មានថា៖ ឋានៈជាប្រទេសជិតខាងជាមួយកម្ពុជា ប្រទេសវៀតណាម សូមសាទរសម្ដេចតេជោ ហ៊ុន សែន ចំពោះការតែងតាំងជានាយករដ្ឋមន្ត្រី ដោយព្រះមហាក្សត្រ ការកាន់តំណែងជាថ្មីម្ដងទៀតនេះ គឺជាបេសកកម្មនៃការបង្កើតរាជរដ្ឋាភិបាល ដើម្បីសុំការអនុម័តពីរដ្ឋសភា។

អ្នកនាំពាក្យបានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាង វៀតណាម មានការជឿជាក់ថា រាជរដ្ឋាភិបាល និង សភាថ្មី នៃប្រទេសកម្ពុជា នឹងបន្តដឹកនាំពុះពារ និងចូលរួមចំណែកដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់តំបន់និងពិភពលោក។
សូមរំលឹកថា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ចាត់តាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៨។
ជាការកត់សម្គាល់ ការអបអរសាទរ និង ការបន្ថោកការបោះឆ្នោត មានប្រទេសចិន វៀតណាម ឡាវ ក្រោយមកទៀតមានតំណាង ថៃ សិង្ហបុរី និងហ្វីលីពីន ឥណ្ឌាជាដើម។
តាមគម្រោងបេក្ខជនជាប់ឆ្នោតទាំង១២៦របស់គណបក្សប្រជាជនកម្ពុជានឹងប្រកាសសុពលភាពនៅថ្ងៃទី០៥ ខែកញ្ញា ហើយរដ្ឋាភិបាលថ្មីអាណត្តិទី៦នឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែកញ្ញា ចំណែកឯរដ្ឋសភាជាតិនឹងបើកប្រជុំជាលើកដំបូងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។
