header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ ភាគច្រើនយើងឃើញមានខ្សែបណ្តាញផ្សេងៗរញ៉េរញៃខ្វាត់ខ្វែងពេញផ្លូវ មិនថា ផ្លូវតូចធំ ឬច្រកឌឿងហែមទេ គឺមានខ្សែភ្លើង ខ្សែកាបិ៍ និងខ្សែបណ្តាញផ្សេងៗ តភ្ជាប់ពីបង្គោលភ្លើងមួយទៅបង្គោលភ្លើងមួយ ហើយក៏ឃើញមានខ្សែភ្លើងចាស់ៗជាច្រើនតចេញចូលផ្ទះប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែងយើងក្រឡេបមកមើលជ្រុងមួយនៅរាជធានីភ្នំពេញ នៅតាមបណ្តាយមហាវិថីកម្ពុជាក្រោមកែវផ្លូវលេខ១៧១ ចំណុចមុខក្រុមហ៊ុន cellcard ផ្លូវលេខ១៣៤កែវ ផ្លូវលេខ១៦៩ ចំណុចមន្ទីរពេទ្យសម្ដេចឪ និងផ្លូវលេខ១០៩ កែងផ្លូវលេខ១៣៤ ចំណុចផ្សារឌុយម៉ិច ស្ថិតនៅមូលដ្ឋាន សង្កាត់មនោរម្យ សង្កាត់វាលវង់ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា យើងនឹងឃើញនៅតាមបង្គោលខ្សែភ្លើងនេះ គឺមានខ្សែកាបិ៍អុបទិច ខ្សែអ៊ីនធឺណេត និងខ្សែបណ្តាញផ្សេងៗ ដែលតអូសខ្វាត់ខ្វែងពេញផ្លូវតែម្តង និងមានលក្ខណៈស្មុគស្មាញរញ៉េរញៃ ដែលងាយនឹងបង្កឲ្យមានការទុស្សេ និងឆ្លងចរន្ត កើតទៅជាអគ្គិភ័យទៀតផង។

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ អគ្គិភ័យដែលឆេះបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ភាគច្រើន គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីផងដែរ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកសាលារាជធានីភ្នំពេញ ក៏បានទទួលស្គាល់ដែរថា ស្ថានភាពខ្សែកាបិ៍របស់ក្រុមហ៊ុននានា បានរាយប៉ាយគ្មានច្បាប់ទម្លាប់នៅលើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជានេះ គឺដោយសារការគ្រប់គ្រងមិនបានល្អរបស់អាជ្ញាធរ។ ហើយខាងសាលារាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា មហាវិថីចំនួន៥នៅក្នុងក្រុងភ្នំពេញ នឹងត្រូវរៀបចំសោភ័ណភាព រៀបចំខ្សែកាបិ៍ ខ្សែភ្លើង និងខ្សែបណ្តាញផ្សេងៗនៅលើអាកាសនេះមុនគេ រួមមាន មហាវិថីព្រះនរោត្តម, ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី, កម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។

ការទម្លាក់ខ្សែកាបិ៍លើអាកាសរញ៉េរញ៉ៃ ដូចជាការកាត់ខ្សែកាបិ៍ទូរស័ព្ទ ខ្សែកាបអុបទិក ចេញពីបង្គោលភ្លើងកប់ចូលក្នុងដីនេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងចិញ្ចើមផ្លូវ និងធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាពរបស់សាលារាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post