កាលពីព្រឹកថ្ងៃអាទិត្យ ០៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ភោធបើកលក់គម្រោងអគារខុនដូទំនើបរបស់ក្រុមហ៊ុន លីនណាន ដែលមានទីតាំងសិ្ថតនៅតាមបណ្ដោយមហា វិថីសម្ដេចតេជោ ហ៊ុន សែន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ភោធនេះដែរ ឯកឧត្ដម ឃួង ស្រេង បានអះអាងថាប្រទេសកម្ពុជាជាកោះសន្តិភាព និងជាដីមានសម្រាប់ការវិនិយោគ ដូចនេះសូមវិនិយោគិនទាំងអស់ចូលរួមវិនិយោគបន្ថែមទៀត។
ឯកឧត្ដម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអបអរសាទរចំពោះគម្រោងវិនិយោគនេះដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មី១ទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ឯកឧត្ដម ឃួង ស្រេង បន្ថែមទៀតថានេះជាគម្រោងទី១ ក្នុងគម្រោងជាច្រើនដែលបានកើតឡើងដោយមានការគិតគូទុកជាមុន មិនមែនកើតឡើងដោយចៃដន្យនោះទេ។
គួររំលឹកថាសម្រាប់ឆ្នាំ២០១៨នេះ ទាំងមុននិងក្រោយការបោះឆ្នោត តម្លៃអចលនទ្រព្យនៅតែរក្សាស្ថិរភាពនិងធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្ត។