ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរាយការណ៍ឲ្យដឹងថា លោក នួន ប៉ូ មន្រ្តីយោធា ដែលតុលាការបានឃុំខ្លួនកាលពីពេលថ្មីៗនេះ ដោយសារប្រើកាំភ្លើងវាយក្បាលអ្នកលក់ប្រហិតបែកឈាមខ្ចាយ ត្រូវបានលោកចៅក្រមតុលាការឈ្មោះ រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីត្រូវឃុំខ្លួនមួយដង្ហើមចង្រិតនោះមក។
ជនជាប់ចោទ ដែលលោកចៅក្រម រស់ ពិសិដ្ឋ ដោះលែងឲ្យមានសេរីភាពវិញនោះ ឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនជាប់ចោទ ត្រូវបានលោកចៅក្រម រស់ ពិសិដ្ឋ ឃុំខ្លួនកាលពីថ្ងៃទី៥ សីហា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប្រើប្រាសអាវុធខុសច្បាប់ និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយការវាយក្បាលជនរងគ្រោះឈ្មោះ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ របួសដៃខាងស្តាំ និងរបួសលើក្បាល ត្រង់សៀតផ្កាខាងឆ្វេង។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២ សីហា នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។ ថ្ងៃកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយរ៉ឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណៈ។ ពេលរថយន្តបុករ៉ឺម៉កម៉ូតូលក់ប្រហិតហើយ ឈ្មោះ សៅ ចាន់ធី មិនបានឈប់រថយន្ត ដើម្បីធ្វើការដោះស្រាយ ជាមួយអ្នកលក់ប្រហិតទេ ភ្លាមនោះអ្នកលក់ប្រហិតបានយកដុំថ្ម គប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តាឱ្យបែកញ្ចក់ខាងស្តាំ និង បានផ្លាតទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ ។ ភ្លាមនោះជនសង្ស័យឈ្មោះ នួន ប៉ូ បានទាញយកកាំភ្លើងខ្លីម៉ាកP08 ចេញពីក្នុងឡានរបស់ខ្លួន ហើយស្ទុះទៅវាយលើជនរង គ្រោះ យ៉ែម វណ្ណះ បណ្តាឱ្បត្រូវលើក្បាល និង សៀតផ្កាខាងឆ្វេង ។ បន្ទាប់មកសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និង បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ ទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ក្រោយពីសាកសួរហើយ សមត្ថកិច្ចបានរាយការណ៍ទៅស្ថាប័នអយ្យការ ដើម្បីសុំការសម្រេច ពេលនោះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យសមត្តកិច្ចឃាត់ខ្លួនឈ្មោះ នួន ប៉ូ បញ្ជូនទៅតុលាការតាមនីតិវិធី ។
ក្រោយការសាកសួរជនដៃដល់រួចលោកស្រី ស៊ី វណ្ណនី បសនសម្រេចចោទប្រកាន់លោកនួន ប៉ូ បន្ទាប់មកលោកចៅក្រមរស់ ពិសិដ្ឋ បសនសម្រេចឃុំខ្លួនជនជាប់ចោទដសក់ពន្ធនាគារបានតែជាង១០ថ្ងៃប៉ុណ្ណោះក៏ដោះលែងវិញ ធ្វើអោយអ្នករស់នៅក្បែរខាងជនជាប់ចោទនឹកស្ងើចសរសើរពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ចៅក្រមតុលាការដែលសម្រេចដោះលែងអ្នកប្រើអាវុធបង្កហឹង្សារយ៉ាងដូច្នេះ ។ អីចឹងតើបានជាចៅក្រមតុលាការម្នាក់ៗមានទ្រព្យសម្បត្តិមិនចេះខ្វះសោះ ៕