header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បន្ទាប់ពីអង្គភាព CAMPOST បានចុះព័ត៌មានកាលពីម្សិលមិញនេះ អំពីរថយន្តធុនយក្សបំផ្លាញផ្លូវនៅក្នុងស្រុកស្វាយជ្រំនោះ យោងតាមមន្ត្រីជាន់ខ្ពស់សាលាខេត្តស្វាយរៀងបាន​ថ្លែងប្រាប់ឲ្យ​ដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះថា ចំពោះរថយន្តដឹកដែកអេតចាយ ដឹកបំផ្លាញផ្លូវនៅក្នុងស្រុកស្វាយជ្រំ ឥឡូវនេះមានការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកអភិបាលខេត្ត តម្រូវឲ្យ​មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត ដែលមានក្រុមបច្ចេកទេសពិនិត្យយានយន្ត ចុះអនុវត្តច្បាប់ទៅលើរថយន្តដឹកអេតចាយតាមច្បាប់កំណត់។

មន្ត្រីរូបនេះ បានថ្លែងបញ្ជាក់ថា ទី១.តម្រូវឲ្យ​ក្រុមកាងាពិនិត្យច្ចេកទេសយានយន្ត ចុះផាកពិន័យទៅលើរថយន្តល្មើស ដើម្បីបង់ថវិកាជូនរដ្ឋ ទី២.ដាក់ប៉ារាស់កម្រិតទម្ងន់ឲ្យ​បានត្រឹមត្រូវចៀសវាងដឹកលើសទម្ងន់ ទី៣.ក្រុមការងារបច្ចេកទេសពិនិត្យយានយន្តត្រូវទៅនៅដើមទីនៅឃុំក្រោលគោ ស្រុកស្វាយជ្រំជិតព្រំប្រទល់ព្រៃវែង និងស្វាយរៀង កុំអោយមានរថយន្តបើកវាងផ្លូវតទៅទៀត។

មន្ត្រីដដែលបានបញ្ជាក់ថា លោកអភិបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពខេត្តមិនដែលព្រងើយកន្តើយចំពោះរថយន្តដឹកលើសទម្ងន់​នោះទេ គឺតែងតែដាស់តឿនដល់មន្ត្រីជំនាញអោយចុះពិនិត្យជាប្រចាំហើយខេត្តបានបង្កើតគណៈកម្មាការចម្រុះមួយក្រុមក្នុងការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់​ចាប់យកមកកាត់ទ្រុងបានរាប់សិបគ្រឿងនាពេលកន្លងមក ដើម្បីកុំមានដឹកលើសទម្ងន់​នៅលើផ្លូវតទៅទៀត។

សូមបញ្ជាក់ថា តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យ​ដឹងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ថា ផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំជាប់ និងព្រំដែនវៀតណាមនោះ កំពុងតែត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង ដែលមានក្រឡុកធំៗមានទឹកដក់ ខណៈមានរថយន្តធុនយក្សដឹកដែកអេតចាយជាច្រើនគ្រឿងក្នុងមួយថ្ងៃៗនោះ សង្ស័យថាមានការបង់លុយឲ្យ​សមត្ថកិច្ចជំនាញអស់ហើយ ទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនោះដឹកបានយ៉ាងរលូនយ៉ាងដូច្នេះ។

បើតាមពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា កន្លងមកផ្លូវមកកាន់ច្រកតំបន់នេះមានភាពល្អប្រសើរ ដែលងាយស្រួលក្នុងការធ្វើដំណើរទាំងដឹកកសិផលមកកាន់ទីផ្សារ ប៉ុន្តែមួយរយៈនេះសង្កេតឃើញមានការដឹកអេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយសម្រុកទាំងយប់ទាំងថ្ងៃមិនខ្វល់ពីការខូចផ្លូវនោះឡើយសំខាន់អោយតែដឹកបានទៅប្រសើរហើយ។ពលរដ្ឋរស់នៅតំបន់នោះសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ដែលមានការពាក់ព័ន្ធមេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេ ផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះកុំថាឡើយជិះម៉ូតូ សូម្បីតែជិះកង់មិនរួចផងទាន។

ពលរដ្ឋលើកឡើងបន្តទៀតថា រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវវាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់មើលទៅហាក់បីដូចមិនធម្មតានោះ ពោលគឺរថយន្តមានបណ្តោយវែងដាក់ខ្ពស់ផុតដំបូលជិត២ម៉ែត្រឯនោះ ហើយមានធ្លាក់ដែកអេតចាយទុកបន្សល់អោយអ្នកបើកឡានម៉ូតូកង់ឆ្លងកាត់ និងកិនពីលើលេងបែកផងដែរ។

តាមប្រភពពីមន្ត្រីប្រចាំនៅច្រកនេះ បានអោយដឹងថា រថយន្តធុនយក្សទាំងនោះបានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះបាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរចូលដីវៀតណាមហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់អោយសមត្ថកិច្ចជំនាញទាំងអស់ ក្នុងនោះមាន៖ ប៉ូលិសការពារព្រំដែនក្រសាំងជ្រំចំនួន១៥០០០រៀល យោធាការពារព្រំដែន និងកាំងកុងត្រូលចំនួន៥ម៉ឺ​នរៀល សម្រាប់បាយទឹក ហើយចំពោះខាងគយវិញក៏មានបង់ផងដែរ ប៉ុន្តែមិនដឹងថា ចំនួនប៉ុន្មាននោះទេ។  ពាក់ព័ន្ធនិងករណីនេះប្រជាពលរដ្ឋរងចាំមើលថាតើអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមានចំណាត់ការបែបណាចំពោះរថយន្តធុនយក្សដឹកអេតចាយបំផ្លាញផ្លូវលំនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post