រតនគិរីៈ ក្មេងស្រីអាយុ៩ឆ្នាំ ជនជាតិគ្រឹងម្នាក់ ត្រូវបានជនល្មោភកាមចាប់រំលោភរហូតបានសម្រេច បន្ទាប់ពីក្មេងស្រីរងគ្រោះបានដើរចេញពីក្នុងខ្ទមចាំចម្ការទៅផ្ទះ ខណៈឪពុកម្តាយមិននៅ។
ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការដំឡូងមី ខាងត្បូងភូមិធួយ ស្ថិតនៅភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ករណីរំលោភក្មេងស្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជុំ បានឲ្យសារព័ត៌មានយើងដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ គ.ន.ទ.វ អាយុ ៩ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាសិស្សថ្នាក់បឋមសិក្សា ។
សមត្ថកិច្ច បានបន្តទៀតថា ក្រោយកើតហេតុ ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះរាយការណ៍ប្តឹងដល់នគរបាលស្រុក ក្រោយមកទៀតសមត្ថកិច្ចបានសួរនាំក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុឪពុកម្តាយបានទុកនាង និងប្អូនស្រីម្នាក់ទៀត អាយុ២ឆ្នាំកន្លះ នៅចាំខ្ទមចម្ការមួយ តែពីរនាក់បងប្អូន ដោយម្តាយ និងឪពុកជិះម៉ូតូមកផ្សារក្រុងបានលុង ដើម្បីទិញគ្រឿងបរិភោគ។ ពេលឪពុកម្តាយចេញផុតក្មេងស្រីរងគ្រោះនឹងប្អូនស្រីនាងចាំឪពុកម្តាយយូរពេក បានចេញពីខ្ទមចម្ការ ដើម្បីត្រឡប់ទៅផ្ទះវិញ បានប្រហែល៥០០ម៉ែត្រ ក្នុងចម្ការដំឡូងមីមួយជាតំបន់ដាច់ស្រយ៉ាលគ្មានផ្ទះអ្នកភូមិនោះទេ។ ស្រាប់តែលេចមុខជនល្មើសម្នាក់ជិះម៉ូតូម៉ាកសង់ការ៉េ ពណ៌ស្លាទុំ ស្លៀកពាក់ខោកាប៊ូយ អាវយឺតពណ៌ខ្មៅ និងកអាវមានមួក មាឌរាងខ្ពស់ សម្បុរខ្មៅ ថែមទាំងដុះពុកមាត់សាម៉ូម។
ក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា បានដើរពីរនាក់បងប្អូនក្នុងដៃនាងមានកាន់ក្រម៉ាមួយ បុរសនោះបានឈប់ម៉ូតូ ហើយចាប់ក្មេងនាងយកក្រម៉ាចងដៃជាប់ ហើយអូសចូលព្រៃដំឡូងមី រំលោភនាងរហូតបានសម្រេចតែម្តង។ ក្រោយពីរំលោភរួច បុរសជនល្មើសនោះ បានជិះម៉ូតូគេចខ្លួនបន្តទៅមុខបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះគ្មានការរងវាយដំពីបុរសនោះទេ គ្រាន់តែរំលោភបានសម្រេចតែប៉ុណ្ណោះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមច្បាប់៕