ប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែកយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីសំណេររបស់លោក សម រង្ស៊ី ទៅលើពាក្យថាសម្ពាធអន្តរជាតិ ដែលលោក ហ៊ុន សែន ព្រមានទុកជាមុន មិនឱ្យអ៊ីចឹង ឬគាត់នឹងមិនដោះលែងអ្នកទោសឡើយ។ តើការដោះលែង ឬមិនដោះលែង អាស្រ័យលើ លោក សម រង្ស៊ី ឬ?
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង បានចោទសួរជាសាធារណៈ តាមរយៈគណនីយហ្វេសប៊ុកនៅថ្ងៃនេះថា៖ តើការដោះលែងអ្នកនយោបាយអាស្រ័យលើ លោក ហ៊ុន សែន ឬ លោក សម រង្ស៊ី?
កញ្ញា ចាន់ពៅរ៉ូហ្សិត បានឆ្លើយខ្លួនឯងថា៖ ទេ! វាអាស្រ័យលើលោក ហ៊ុន សែន ទេ ការដោះលែងអ្នកទោសមនសិការប៉ុន្មាននាក់ចុងក្រោយនេះ គឺចេញពីលោក ហ៊ុន សែន។ បើថាព្រោះតែសម្តីលោក សម រង្ស៊ី អ្នកនយោបាយមិនត្រូវដោះលែង យើងកំពុងតែរត់តាមល្បែងនយោបាយរបស់គេ និងចាត់ទុកអ្នកទោសនយោបាយទាំងនោះជាចំណាប់ខ្មាំងនយោបាយហើយ។ អំណាចមិនមែនស្ថិតលើលោក សម រង្ស៊ី ឡើយ។
អតីតចៅសង្កាត់អូរចារ អះអាងថា៖ ទោះលោក សម រង្ស៊ី និយាយ ឬមិននិយាយ បើលោក ហ៊ុន សែន មិនចង់ដោះលែង ក៏នៅតែមិនដោះលែង។ ឧទាហរណ៍មួយ ដូចជាលោក អ៊ុំ សំអាន លោក នៅសល់តែមួយខែទៀតប៉ុណ្ណោះ នឹងគ្រប់ទោសដែលលោកត្រូវជាប់ឃុំ ដូច្នេះមិនចាំបាច់ដល់ថ្ងៃភ្ជុំបិណ្ឌ គឺដោះលែងថ្ងៃទី២៥ ខែសីហា នេះតែម្តងនឹងទទួលបានការលើកលែងទោសវិញ។
បើលោក ហ៊ុន សែន ចង់ដោះលែងឥឡូវ ក៏បាន មិនមែនដោយសារសម្តីលោក សម រង្ស៊ី លោក ហ៊ុន សែន មិនដោះលែង នោះលោក អ៊ុំ សំអាន នឹងជាចំណាប់ខ្មាំងនយោបាយហើយ។ រឿងចាប់ ឬ ដោះលែង ដូចនិយាយពីដើមទី មិនមែនជាសេចក្តីសម្រេចរបស់លោក សម រង្ស៊ី ដូចរឿងរំលាយគណបក្សសង្គ្រោះជាតិដូចគ្នាដែរ។
កញ្ញា រំលឹកថារឿងរំលាយគណបក្សសង្គ្រោះជាតិនេះ អ្នកខ្លះថា ដោយសារលោក កឹម សុខា មិនព្រមលាលែង អ្នកខ្លះថា ដោយសារលោក សម រង្ស៊ី រុញឲ្យគេរំលាយ តែតាមពិតខុសទាំងពីរ។ ការដែលត្រូវនោះ គឺ ដោយសារគេខ្លាចចាញ់ទើបគេរំលាយគណបក្សសង្គ្រោះជាតិ។ វិលមកវិញ រឿងដូចគ្នានេះ ក៏ដូចគ្នានឹងរឿងចាប់ និងដោះលែងដែរ។ ដូច្នេះ សូមយើងកុំយល់ច្រឡំតទៅទៀត។