header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុករត់ក្លាយជាទម្លាប់របស់រថយន្តធុនធំ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី! ពិតជាមានអារម្មណ៍ក្តុកក្តួល និង​តក់ស្លុត​បំផុត ខណៈពេលបុរសម្នាក់ កំពុងឌុបប្រពន្ធត្រឡប់ទៅផ្ទះវិញ បែរ​ជារថយន្តកុងតឺន័រធុនធំបង្កគ្រោះថ្នាក់ រហូតឆក់យកជីវិតប្រពន្ធ​ស្រស់ៗបែបនេះទៅវិញ ចង់សងអ្វី? បើប្រពន្ធគាត់ស្លាប់បាត់ហើយ! ចំណែកបុរសជាប្តីរងរបួសស្រាល បែកក្បាល។

គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយរថយន្តធុនធំ ហើយបើករត់បាត់ស្រមោលនេះ បានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទី យប់ថ្ងៃសៅរ៍​ ទី១៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចក្បែរផ្សារសុភមង្គល នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ក្រោយបង្កគ្រោះថ្នាក់ រថយន្តបង្កបានព្យាយាមបើករត់គេចពីការទទួលខុសត្រូវទៅបាត់ស្រមោលតែម្ដង។

ស្រ្តីជាប្រពន្ធ ដែលស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះ ចាន់ ណារី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកប្តីរងរបួសស្រាលឈ្មោះ យា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតខេត្តស្វាយរៀង។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១០០ (Honda Dream 110Cc) ស៊េរីចាស់។

អ្នកភូមិរស់នៅផ្ទះក្បែរកន្លែងកើតហេតុ ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ បើកស្របទិសកៀរពីក្រោយ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធនោះ ដួល ហើយត្រូវរថយន្តកិនស្លាប់ប្រពន្ធ និងបុរសជាប្តី របួសបែកក្បាលផងដែរ។ ភ្លាមៗនោះ ដោយឃើញសភាពមិនស្រួល ទើបរថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ពីកន្លែងកើតហេតុ។ ឃើញដូច្នេះ ​អ្នកភូមិក៏បានប្រញ៉ាប់ប្រញាល់ទាក់ទងរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដែរ តែមិនទាន់រថយន្តបង្កហេតុទេ ព្រោះបើកលឿនដូចហោះ​អ៊ីចឹង​។

តាមសាច់ញាតិ ក៏បានឲ្យ ខេម ប៉ុស្តិ៍ ដឹងដែរថា នៅមុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូចេញពីកម្មវិធីនៅកន្លែងយានដ្ឋានជួសជុលរថយន្តមួយកន្លែងជារបស់បង នៅភូមិទួលកី សង្កាត់ភ្លើងឆេះទេះ គោលបំណង់ឌុបប្រពន្ធវិលត្រឡប់ទៅផ្ទះវិញ តែអកុសលពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បែរជាជួបហេតុការណ៍ដ៏រន្ធត់នេះតែម្តង។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅធ្វើការត្រួតពិនិត្យ​ រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post