header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំ​មួយ​ឈ្មោះ​ ឌីជីថល​ អ៊ិនធឺណេសិនណល​ អ៊ែសេត​ ត្រេឌីង​ សេនអឺ​ (BTKTrade Digital International Assets Trading Center)​ មាន​អាសយដ្ឋាន​អគារ​លេខ​៤៨​ ផ្លូវ​លេខ​៨៤​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង ដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋ ចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅ ដោយមានសមាសភាព​ចូលរួម​ពី​ក្រុមការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ​ធ្វើការ​ត្រួតពិនិត្យ​កិច្ចការ​ការងារ​រដ្ឋបាល​ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ រវាង​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពីការជួញដូរ លក់ដូរ និងកៀរគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។

ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាង​ក្រុមហ៊ុន​ ឈ្មោះ​ Ding Nan (Anna) ភេទ​ស្រី​ ជនជាតិ​ចិន​ ជា​ប្រធាន​រដ្ឋបាល​ និង​ឈ្មោះ​ Liu Xu ភេទប្រុស​ ជនជាតិ​ចិន​ ជា​បុគ្គលិក​រដ្ឋបាល​ និង​ឈ្មោះ​ ហ៊ី​ សុង​ឆាយ​ ជនជាតិ​ខ្មែរ​ ជា​អ្នក​បកប្រែ​ខ្មែរ​ចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន២៩៨គ្រឿង ​ដែលជាឧបករណ៍ ដើម្បីប្រព្រឹត្តអាជីវកម្ម។

តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោក​ឧត្តមសេនីយ៍​ទោ​ មៀច​ ដេវីត​ បានបញ្ជាក់​ថាការប្រមែប្រមូលប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដើម្បីវិនិយោគតាមប្រព័ន្ធ blockchain នឹង កាសអេលិចត្រូនិក វាមានហានិភ័យខ្ពស់ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ ទៅលើបច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិត ហើយប្រជាពលរដ្ឋងាយទទួលការអូសទាញចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់តម្កល់ ជាទំនុកចិត្តសម្រាប់នាក់វិនិយោគទេ។ បើថៅកែវេចលុយរបស់អ្នកវិនិយោគរត់បាត់ តើអ្នក​ណាទទួលខុសត្រូវ?​ ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ក្រុមការងារ​ បានណែ​នាំទៅក្រុមហ៊ុន​ចំនួន​៤ចំណុច​៖​

ទី​១ ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​​ រហូត​ដល់​មាន​ការ​អនុញ្ញាត​អាជ្ញាប័ណ្ណ​ស្រប​តាម​ច្បាប់។

ទី២ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ជួញដូរ​ កៀ​រ​គរ​អតិថិជន​ និង​ប្រមូល​ប្រាក់គ្រប់រូបភាព។

ទី៣ ​ត្រូវ​រុះរើ​ស្លាក​​អាជីវកម្ម​ចេញ ជៀសវាងការយល់ច្រឡំ​។

ទី​៤ ទៅសុំច្បាប់ អាជីវកម្ម និងអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ក្រុមការងារបានចុះទៅទីតាំងដដែល ដើម្បីត្រូតពិនិត្យលើការអនុវត្តតាមសេចក្តីណែនាំ និងឃើញថា ក្រុមហ៊ុនពិតជាទម្លាក់ស្លាកហើយបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម ទាន់មានច្បាប់មួយនេះទាំងស្រុង។

ក្រុមការងារសូមបញ្ជាក់ជូនសាធារណជនដើម្បីជ្រាបថា បច្ចុប្បន្នការកៀរគរអតិថិជន ការផ្សព្វផ្សាយការជួញដូរ ក្នុងរូបភាពណាក៏ដោយ ដើម្បីប្រមូលប្រាក់ ដើម្បីវិនិយោគ លើវិស័យកាសអេឡិចត្រូនិក (Cryptocurrency ឬ Digital Assets) គឺជាទង្វើមិនស្របនឹងច្បាប់ នៃព្រះរាជជាណាចក្យកម្ពុជាឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post