header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីនាំប្រពន្ធបណ្តើរម៉ូតូឆ្លងទឹកអូរមួយកន្លែង ដែលមានជម្រៅត្រឹមចង្កេះ ប្រពន្ធបានរុញម៉ូតូពីក្រោយប្តីឆ្លងទឹកអូរ ស្រាប់តែប្រពន្ធបានរអិលជើងដួលចូលក្នុងទឹកកំពុងតែហូរ ពេលនោះប្តីក៏ប្រញាប់ទៅជួយប្រពន្ធ ដែលទឹកបានហូរនាំទៅនោះ ហើយបានទាញចាប់ស្រវេស្រវាប្រពន្ធជាប់ ប៉ុន្តែប្តីអស់កម្លាំងជួយប្រពន្ធ ក៏លង់ស្លាប់តែម្តង។

ហេតុការណនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចអូរចឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការរងនគរបាលស្រុកកូនមុំទទួលបន្ទុកព្រហ្មទណ្ឌលោក ជា សារិត បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានបណ្តើរម៉ូតូឆ្លងអូរទៅត្រោយម្ខាង ខណៈទឹកកំពុងតែហូរខ្លាំងផង ប្រពន្ធបានរុញម៉ូតូពីក្រោយ ហើយបានរអិលជើងដួលក្នុងទឹកកំពុងតែហូរទៅបាត់ ពេលឃើញដូចនោះប្តីក៏ប្រញាប់ស្រវេស្រវាប្រពន្ធយកមកវិញ ប៉ុន្តែពេលនោះប្តីបានអស់កម្លាំងពេលទាញយកប្រពន្ធលង់ទឹកនោះ ប្រពន្ធឃើញប្តីមិនស្រួល ក៏ប្រលែងដៃប្តីចេញពីខ្លួនគាត់ ហើយគាត់(ប្រពន្ធ)បានទឹកហូរទៅប៉ះនឹងគុម្ភឫស្សីមួយគុម្ភបានតោងជាប់តែម្តង។ ហើយគាត់បានក្រឡេកទៅមើលប្ដីរបស់គាត់ បានលិចទៅក្នុងទឹកបាត់ទៅហើយ។

លោកអធិការរង បានបន្តទៀតថា ក្រោយពីប្តីបានលង់ទឹកហើយនោះ រូបគាត់បានស្រវាឡើងលើគោកប្រញាប់មករាយការណ៍សមត្ថកិច្ចមូលដ្ឋាន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ នឹងកម្លាំងអធិការនគរបាលស្រុក បានចុះមករាវរកលុះដល់ម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃដដែល រកមិនទាន់ឃើញសពនៅឡើយ។

លោកបន្តទៀតថា ជនរងគ្រោះឈ្មោះ ជា សំអាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) ប្រពន្ធឈ្មោះ វី ភី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរនាក់ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋក្នុងភូមិកំពុងរុករកសាកសពបន្តទៀតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post