ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការស្លាប់របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ទាំងមិនបានសម្រេចផលនៃការដាក់ទណ្ឌមកលើកកម្ពុជា។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៧ សីហាថា លោក ច្សន ម៉ាក់ខេន ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក បានលាចាកលោកទៅហើយ ដោយជំងឺមហារីកខួរក្បា ល ដែលមិនអាចរកគ្រូពេទ្យពូកែនៃប្រទេសមហាអំណាចមកជួយយិតយោងជីវិតលោក បាន ឡើយ។
លោកបញ្ជាក់ថា «មរណភាពរបស់លោកព្រឹទ្ធសមាជិក គឺជាក្រឹត្យក្រមធម្មជាតិ មិនអាចប្រកែកបានជាដាច់ខាត។ ក្នុងនាមជាមនុស្សលោកដូចគ្នា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ លោកព្រឹទ្ធសមាជិកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងថា បញ្ហាសំខាន់គួរកត់សម្គាល់ លោកព្រឹទ្ធសមាជិក បានចាកចោលលោកនេះទៅទាំងមិនទាន់បានសម្រេចផលនៃការដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសំខាន់ៗកម្ពុជាផងទេ ដែលគួរឲ្យសោកស្តាយ ជាទីបំផុត។
លោកបន្ថែមថា ការបាត់បង់លោកព្រឹទ្ធសមាជិក ក៏បញ្ជាក់ច្បាស់ថា អ្នករស់នៅក្នុងសហករដ្ឋអាមេរិក ក៏មិនមែនមានជីវិតអមតៈដែរ នៅតែស្លាប់ដូចគ្នានឹង អ្នករស់នៅតាមបណ្តាប្រទេសក្រីក្រដែរ។ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលលោកព្រឹទ្ធសមាជិកទន្ទិញចាំមាត់នោះ ក៏មិនអាចជួយបន្ត និងស្រោចស្រង់អាយុជីវិតលោកបានទេ។ ដូច្នេះកុំចង់ដាក់ទណ្ឌ កម្មបិទវីហ្សាមិនឲ្យចូលអាមេរិកអី មិនមានអ្នកណាចង់ទៅទេ ជិះយន្តហោះក៏ឆ្ងាយ ឈឺចង្កេះ ឈឺខ្នង អស់លុយ ថ្លៃសំបុត្រយន្តហោះក៏ច្រើន ទុកចាយនៅស្រុកខ្មែរវិញប្រសើរជាង។
លោក សុខ ឥសាន ក៏បានលើកឡើងថា ការចង់បានរបស់ព្រឹទ្ធសភាសមាជិកសហរដ្ឋអាមេរិក ជាមហិច្ឆតាអវិជ្ជមាន ផ្ទុយពីការពិតនៅកម្ពុជា៕