header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្លែងចំពោះមុខសាធារណជន លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់គណបក្សង្រ្គោះជាតិ បានប្រកាសថា នឹងធ្វើនយោបាយជាមួយកូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការអភិវឌ្ឍ ខណៈលោកអះអាងថា មិនមានអ្នកណា មកទិញខ្លួនលោកឡើយ ។

ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា តំណាងឲ្យសកម្មជន១១នាក់ទៀត បន្ទាប់ពីចេញពន្ធនាគារ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោយជាប់ពន្ធនាគាររយៈពេលប្រមាណជា៤ឆ្នាំ ពីបទចូលរួមបាតុកម្ម នៅទីលានប្រជាធិតេយ្យ (ក្បែស្ពាននាគ) ។

កូននាយករដ្ឋមន្ដ្រី ដែលលោកមានគម្រោងធ្វើការជាមួយ រួមមាន៖ លោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានី, លោក ហ៊ុន ម៉ានិត នេះជាការអះអាងរបស់លោក មាជ សុវណ្ណរ៉ា ។

លោក មាជ សុវណ្ណរ៉ា បានថ្លែងថា “ខ្ញុំត្រូវធ្វើនយោបាយបន្ដទៀត ព្រោះខ្ញុំជាប់គុកដោយសារហេតុផលនយោបាយ រឿងអីដែលខ្ញុំរត់ចោលស្រុកអីណាទៀត ខ្ញុំត្រូវធ្វើនយោបាយ តែខ្ញុំត្រូវធ្វើជាមួយនឹងអ្នកជំនាន់ក្រោយ គឺ ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានិត, ហ៊ុន ម៉ានី ធ្វើជាមួយគ្នា” ។

លោកមានជំនឿថា អ្នកទាំង៣ នឹងបន្ដវេនពីសម្ដេច ដោយសារកូនសម្ដេចសុទ្ធតែបញ្ចប់ថ្នាក់បណ្ឌិត ដូច្នេះការងារទាំងនេះត្រូវជាមួយគ្នា។ លោកបញ្ជាក់ថា មិនមានអ្នកណា មកទិញខ្លួនលោកឲ្យមកចូលរួមជាមួយគណបក្សកាន់អំណាចទេ គឺលោកធ្វើនយោបាយ ដើម្បីឯកភាពជាតិជាមួយគ្នា។ លោកប្រឆាំងតែគោលនយោបាយ តែមិនប្រឆាំងខ្មែរ សម្លាប់ខ្មែរគ្នាឯងឡើយ ដូចសម័យប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។

ឆ្លៀតឱកាសនោះដែរ លោក មាជ សុវណ្ណារ៉ា ក៏មានសេចក្ដីសង្ឃឹមថា សម្ដេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សាគ្នា ដើម្បីស្ថានការណ៍នយោបាយ កាន់តែត្រជាក់បន្ថែមទៀត។ លោកក៏បានថ្វាយកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ និងសម្ដេចតេជោ ពិចារណាទោសកំហុសលោក កឹម សុខា ដើម្បីដោះលែងនាពេលឆាប់ៗ ។

ជាមួយគ្នានេះដែរ លោកថា អ្នកដឹកនាំខ្មែរសព្វថ្ងៃនេះ គឺសម្ដេចតេជោ ហ៊ុន សែន មានភាពវៃឆ្លាត ដោយធ្វើអ្វីមួយដើម្បីផលប្រយោជន៍ជាតិ ។

ក្នុងការដោះលែង លោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១១នាក់ទៀត លោក សម រង្ស៊ី ក៏បាន អបអរសាទរ។ លោកថា ពួកគេបានបង្ហាញភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់ ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរទាំងមូល ដែលទាមទារឲ្យបញ្ចប់របបផ្តាច់ការសព្វថ្ងៃ ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការចាប់ជនល្មើស និងការដោះលែងទណ្ឌិតគ្មានរដូវកាលនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post