ភ្នំពេញៈ គ្រួសារជនរងគ្រោះកំពុង រងចាំយុត្តិធម៌ ប៉ុន្តែហាក់ដូចទន្ទឹងផ្លូវមួយ កាន់តែឆ្ងាយទៅៗ ព្រោះតែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដូចជាអូសបន្លាយ ដំណើររឿង ទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេលជិតមួយឆ្នាំទៅហើយ ដែលជនរងគ្រោះស្លាប់យ៉ាងអយុត្តិធម៌បំផុត។
ជួបជាមួយ បងប្រុសបង្កើតជនរងគ្រោះឈ្មោះ រី រីម អាយុ៤០ឆ្នាំ បានរៀបរាប់អោយដឹងថា ប្អូនប្រុសរបស់លោក ត្រូវបានក្មេងទំនើងមួយក្រុមរៀបគម្រោងព្រួតវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលហេតុការណ៍នេះកើតឡើង កាលពីម៉ោង១០:៣០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេល ជនរងគ្រោះ ឈ្មោះ រី ដារ៉ា រួមជាមួយមិត្តភ័ក្រ្ត កំពុងឈរមើលគេរាំនៅក្នុងវត្ត ចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ស្រាប់តែមានក្មេងទំនើងមួយក្រុម គប់ដុំថ្ម មកលើមួយគេ (ភាគីជនរងគ្រោះ) ហើយក្រុមជនរងគ្រោះ ក៏បានទៅសួរនាំ ប៉ុន្តែភាគីជនបង្ក ដែលគេស្គាល់ឈ្មោះ ពឿន ពី និង ឈ្មោះ ឡាត់ ហួរ បានបដិសេធ និងបានប្រើពាក្យ គំរាមថា “យប់នេះពួកហ្អែងអត់រួចខ្លួនទេ” រួមក៏បែកហ្វូងអស់ទៅ។
បងប្រុសជនរងគ្រោះបន្តថា ក្រោយពីសួរនាំរួចហើយ ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីវត្ត ពេលដែលចេញមក ពួកគេបានឃើញមនុស្សមួយក្រុម កំពុងដើរចុះឡើង ខណៈពេលដែលមានភ្លើងឡានបញ្ចាំងទៅ ក្រុមជនរងគ្រោះ ក៏បានសម្រេចចិត្ត មិនត្រឡប់ទៅផ្ទះផ្លូវនោះទេ ដោយជិះត្រឡប់ក្រោយវិញ ព្រោះរង់ចាំអោយស្ងប់បន្តិច ក្រែងមនុស្សមួយក្រុមនោះ បំបែកគ្នាអស់។
លោក រី រីម បន្ថែមថា ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះ បានជិះបកក្រោយតាមម៉ូតូ២គ្រឿង លុះមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យ ប្រហែលជា១០នាក់ ចេញមកវាយតែម្តង ដោយបានវាយសម្លាប់ ឈ្មោះ រី ដារ៉ា ដែលត្រូវជាប្អូនប្រុសរបស់ខ្លួន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមិត្តភ័ក្រ្តម្នាក់ទៀត រងរបួសធ្ងន់ បាក់ ភ្លៅទាំងពីរ។ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅស្ថាប័នដែលពាក់ព័ន្ធ រហូតដល់តុលាការ។
អ្វីដែលធ្វើអោយក្រុមគ្រួសារជនរងគ្រោះ ហួសចិត្តនោះ គឺ ក្រុមជនសង្ស័យ ត្រូវបានសាក្សីស្គាល់មុខហើយ ហេតុអី មិនចាប់ឃាត់ខ្លួន ទុកអោយជនសង្ស័យ ដែលជាជនបង្ក មានសេរីភាព និងដើរបង្កភាពអាណាធិបតេយ្យ ជាធម្មតា។ ក្នុងនោះដែរចំពោះណាត់ការ ក៏ហាក់ដូចជាអូសបន្លាយ កាន់តែយូរទៅ មិនមានពេលកំណត់សោះ ដោយក្រុមគ្រួសារជនរងគ្រោះ កំពុងរងចាំយុត្តិធម៌ ដ៏សែនឆ្ងាយដូចជើងមេឃ។
មន្រ្តី និងអាជ្ញាធរមូលដ្ឋាន គឺជាអាណាព្យាបាល យ៉ាងកក់ក្តៅ ដល់ប្រជាពលរដ្ឋ ក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែរឿងខាងលើនេះ ហេតុអ្វីក៏ទុកចោល មិនអើពើ យកចិត្តទុកដាក់ដោះស្រាយ ទុកចោល តើអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល នឹងចាត់វិធានការបែបណាចំពោះមន្រ្តី មិនយកចិត្តជាមួយការងារបែបនេះ៕