
កំពតៈ មន្ត្រីសាខាគយ និងរដ្ឋាករ ប្រចាំស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត កំពុងរងការរិះគន់ថា បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ដែលដឹកកសិផលនានាយកទៅលក់នៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ និងឃុបឃិតជាមួយក្រុមឈ្មួញឲ្យនាំចូលនូវមុខទំនិញគ្រប់ប្រភេទដោយគ្មានបង់ពន្ធយ៉ាងគគ្រឹកគគ្រេង ដែលនាំឲ្យបាត់បង់ចូលពន្ធរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ។
ប្រជាពលរដ្ឋ បានរាយការណ៍ឲ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមមន្ត្រីសាខាគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាក បានដាក់ប៉ុស្តិ៍យកលុយពីប្រជាពលរដ្ឋ ដែលដឹកកសិផលនាំយកទៅលក់នៅប្រទេសវៀតណាមដូចអារ-កខ្យងដោយគ្មានការអនុគ្រោះ ឬលើកលែងនោះទេ បើមិនបង់លុយមិនអនុញ្ញាតឲ្យដឹកចេញដាច់ខាត។


ប្រជាពលរដ្ឋ បានបន្តទៀតថា មន្ត្រីគយប្រចាំស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ដែលស្លៀកពាក់ស៊ីវិល នាំគ្នាប្រចាំការនៅមុខការិយាល័យគយចាំយកលុយដាក់ហោប៉ៅយ៉ាងរំភើយ។
អ្នកបើកបររ៉ឺម៉កដឹកអីវ៉ាន់នាំចូលពីប្រទេសវៀតណាម បានប្រាប់ភ្ងាក់ងារយេីង ថា «ទំនិញចម្រុះដែលគាត់ចូលដឹកពីប្រទេសវៀតណាមចូលតាមច្រកអន្តរជាតិព្រែកចាក ខេត្តកំពត ដើម្បីយកទៅចែកចាយតាមទីផ្សារនានា ដោយបង់លុយឲ្យក្រុមមន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិ មន្រ្តីកាំកុងត្រួល ជាពិសេសមន្ត្រីគយតែម្តង»។

ប្រភពបានបន្តទៀតថា «ក្នុងអីវ៉ាន់មួយរ៉ឺម៉កនេះ ខាងមន្ត្រីសាខាគយ និងរដ្ឋាករ នៅច្រកទ្វារព្រំដែនព្រែកចាក គឺតម្រូវឲ្យបង់លុយចំនួន១០ម៉ឺនរៀល ដោយគ្មានការបន្ធូរបន្ថយឡើយ ព្រោះក្រុមមន្ត្រីគយទាំងនោះថា បើបង់មិនគ្រប់បែបនេះពួកគេនឹងខាតបង់គ្មានលុយគម្រប់បង់ទៅឲ្យថ្នាក់លើទេ» ៕