header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ព្រះរាជក្រឹត្យចាត់​តាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីឲ្យរៀបចំសមាសភាពរាជរដ្ឋាភិបាល ជាការត្រឹមត្រូវតាមច្បានប់ធម្មនុញ្ញ។

ការអះអាងរបស់អ្នកនាំពាក្យនេះ ខណៈដែលមតិមួយចំនួន បានរិះគន់ចំពោះព្រះរាជក្រឹត្យ ចាត់តាំងរបស់ព្រះមហាក្សត្រ ដែលត្រាស់បង្គាប់ឲ្យសម្តេចតេជោ ហ៊ុន សែន រៀបចំសមាសភាពរាជរដ្ឋាភិបាល មានការប្រញាប់។

យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអតីតសមាជិករដ្ឋសភា បានអះអាងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះថា យោងតាមខ្លឹមសារនៃច្បាប់ ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រង់វាក្យខ័ណ្ឌទី២ មាត្រា៤ ទំព័រទី១៣៨ នៃសៀវភៅរដ្ឋធម្មនុញ្ញ ចែងថា តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតឲ្យបង្កើ​តរាជរដ្ឋាភិបាល។

លោកបញ្ជាក់ទៀតថា វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ជូនព្រឹទ្ធសមាជិករដ្ឋសភា។

ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយ នូវបេក្ខជនប្រធានអនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជននាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភា បោះឆ្នោត។

លោកបញ្ជាក់ថា «ដូច្នេះការដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភាជាតិ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏ស្នើដល់អ្នករិះគន់ ក៏ដូចជាអ្នកវិភាគនយោបាយចំនួនឲ្យមើលខ្លឹមសារច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ មុននឹងនិយាយ ឬវិភាគនយោបាយ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការមានមតិទាំងឡាយ ដែលផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ មិនអាចយកជាការបានជាដាច់ខាត។ ហេតុដូច្នេះ សូមអំពាវនាវអស់លោក អ្នកនយោបាយ លោកអ្នកវិភាគនយោបាយសង្គម មុននឹងមានមតិ សូមពិនិត្យលើខ្លឹមសាររដ្ឋធម្មនុញ្ញឲ្យច្បាស់ជាមុនសិន កុំចេះតែនិយាយតាមគំនិតអត្តនោម័តរបស់ខ្លួន ឬតាមនិន្នាការលំអៀងខាងនយោបាយឲ្យសោះ ជាការមិនត្រឹមត្រូវ ដែលនាំឲ្យសាធារណៈមតិយល់ច្រឡំ»

សូមជម្រាបថា ព្រះករុណ សម្តេចព្រះបាទ សម្តេចព្រះរបមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានទ្រង់ចេញព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ ដើម្បីរៀបចំសមាសភាពរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post