Friday, August 17, 2018

លោក គឹម សុខ ត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក គឹម សុខ អ្នកវិភាគនយោបាយដែលបានជាប់ឃុំជាច្រើនខែមកនេះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ នៅមុននេះបន្តិច។ បន្ទាប់ពីចេញពីពន្ធនាការព្រៃស លោក គឹម សុខ បានអះអាងថា លោកនឹងនៅតែបន្តការងាររបស់លោកបន្តទៀតដោយគោរពតាមច្បាប់។

លោកបញ្ជាក់ថា «ខ្ញុំទើបចេញពីគុក ហើយខ្ញុំត្រូវធ្វើការងារបន្តទៀត តែមិនមែនធ្វើដើម្បីប្រទូសសារ៉ាយជាមួយអ្នកណាម្នាក់នោះទេ។ ខ្ញុំធ្វើក្នុងហេតុផលគោរពតាមលទ្ធិប្រជាធិតេយ្យ គោរពច្បាប់ទម្លាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះខ្ញុំនឹងធ្វើបន្តទៀត ដោយមិនមែនរឿង រញុះញង់ ឬបរិយាកេរ្តិ៍អ្នកណាទេ។ ប៉ុន្តែជាបេសកម្ម ឬកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើ»។

លោកបន្តថា លោកមិនមានគម្រោងចេញទៅប្រទេសនោះទេ ប៉ុន្តែលោកអាចចេញទៅក្រៅប្រទេសក្នុងករណីដែលលោកបន្តការសិក្សា ឬចូលរួមការងារសិក្ខាណាមួយ។ ប៉ុន្តែគម្រោងចេញទៅក្រៅប្រទេសក្នុងហេតុផល ដើម្បីគេចខ្លួន ឬដើម្បីរកសេចក្តីសុខម្នាក់ឯងគ្មានទេ។

សូមជម្រាបថា ការដោះលែងឲ្យលោក គឹម សុខ មានសេរីភាពវិញនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបើកសវនាការធ្វើការសាកសួរ និងពិនិត្យលើការអនុវត្តទោសរបស់លោក គឹម សុខ ក្នុងពន្ធគារ ដើម្បីធ្វើការពិចារណាថា តើត្រូវដោះលែង ឬបន្តការឃុំខ្លួនទៀត។

លោក គឹម សុខ ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាទឹកប្រាក់ ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល។ តុលាការចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។

ការចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់មេធាវីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោក គឹម សុខ បានអះអាងតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា៕

@Amapapa.News

Feature Ads