ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង ១៧.៣០ នាទីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀងបាន សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌និងមានការសម្របសម្រួលដោយលោក គង់ ចន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច បន្ទប់ជួលលេខ ០៥ ក្នុងផ្ទះជួលរ៉ាន់ណាបុផ្ផាបាវិត ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ប្រុស រួចឆែកឆេរក្នុងបន្ទប់រកឃើញថ្នាំញៀន ចំនួន ០៥ កញ្ចប់(ធំ ០២ កញ្ចប់ តូច ០៣ កញ្ចប់) ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនសង្ស័យមាន ឈ្មោះ ហៀង ថារិទ្ធរង្សី ហៅ ណៃ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចាប់យកវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០៥ កញ្ចប់(ធំ ០២ កញ្ចប់ តូច ០៣ កញ្ចប់) ។
២.ទូរសព្ទដៃ ចំនួន ០១ គ្រឿង។
៣.កាបូបដៃតូចចំនួន ០១។
៤.ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕