ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថា មានអ្នកចង់ធ្វើឃាតលោកនៅប្រទេសបារាំង គឺជាការនិយាយលើកតម្កើងខ្លួន ព្រៀមដូចជាជិះចង្អេរលើកខ្លួន។
ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានជួលឃាតក ដើម្បីសម្លាប់លោកនៅក្នុងប្រទេសបារំាំង។
យ៉ាងណាក្តីការលើកឡើងរបស់អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសនេះ ត្រូវបានលោក សុខ ឥសាន គូសបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ សីហា ថា «ទណ្ឌិត សម រង្ស៊ី កំពុងខិតខំលើកតម្លៃខ្លួន។ ក្រោយពេលដែលទទួលបរាជ័យក្នុងឧបាយកលចង់រារាំង និងបំផ្លាញការបោះឆ្នោតមិនបាន ទណ្ឌិត សម រង្ស៊ី ត្រូវធ្លាក់ទៅក្នុងភាពទ័លច្រករកផ្លូវដើរទៅមុខមិនរួច ។ ដើម្បីស្តារមុខមាត់ ទណ្ឌិត សម រង្ស៊ី បាននឹងកំពុងខិតខំលើកកម្ពស់ខ្លួនឯង ដោយបានលើកតម្កើងថា ខ្លួនគឺជាឧបសគ្គនៅក្នុងកែវភ្នែករបស់ប្រជាជនកម្ពុជា»។
អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានលើកឡើងថា ការនិយាយរបស់លោក សម រង្ស៊ី នេះ កាន់តែត្រូវបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ទទួលសារភាពថាខ្លួនគឺជាអ្នកបង្កើតបញ្ហាឲ្យប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា បង្កអំពើប្រទូសរ៉ាយឥតឈប់ឈរប្រឆាំងនឹងផល ប្រយោជន៍របស់កម្ពុជា។ ទន្ទឹមនឹងនេះ សម រង្ស៊ី ក៏បានឆ្លៀតលើកតម្លៃខ្លួនឯង ដោយចោទថា មានគេប៉ុនប៉ងធ្វើឃាតខ្លួននៅក្រៅប្រទេស។
លោកសង្កត់ធ្ងន់ថា «តើចង់ធ្វើឃាតទណ្ឌិត សម រង្ស៊ី បានប្រយោជន៏អ្វី បើទណ្ឌិត សម រង្ស៊ី អស់តម្លៃរួចទៅហើយ ទោះបីទណ្ឌិតនេះនិយាយអ្វីក៏គ្មាននរណា យកចិត្តទុកដាក់ចាប់អារម្មណ៍ដែរ។ រឿងអីមកចោទបញ្ហាថា មានគេចង់ទៅធ្វើឃាតខ្លួនដល់ទៅនៅស្រុកបារាំងនោះ។ នេះវាគ្រាន់តែជាការនិយាយបង្វែងដាន ដើម្បីលើកតម្លៃខ្លួនតែប៉ុណ្ណោះ» ។
ឆ្លើងតបនិងការលើកឡើងរបស់លោក សម រង្ស៊ី ដែលចេះដែលរកភាព ត្រូវរបស់ខ្លួន ដើម្បីបង្ហាញអ្នកគាំទ្រនោះ លោក សុខ ឥសាន ក៏បានបន្ថែមថា «តែទោះចង់លើកតម្លៃយ៉ាងណា ក៏មិនអាចលើកទៅបានដែរ ដោយសារទណ្ឌិត សម រង្ស៊ី គ្មានតម្លៃត្រូវលើកដែរ។ ជីវិតនយោ បាយរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបញ្ចប់រួចហើយ» ៕