header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមានមន្ដ្រីពន្លត់អគ្គិភ័យមួយចំនួន បានទាមទារអ្វីមួយពីម្ចាស់ផ្ទះ ដើម្បីធ្វើជាថ្នូរក្នុងការពន្លត់អគ្គិភ័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ដ្រីពន្លត់អគ្គិភ័យទាំងអស់ មិនត្រូវដាក់លក្ខខ័ណ្ឌជាមួយម្ចាស់ផ្ទះ ដើម្បីពន្លត់អគ្គិភ័យនោះទេ ព្រោះជាទង្វើខុសទៅនឹងផ្លូវច្បាប់ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះជៀសវាងមានអគ្គិភ័យកើតឡើង ពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ។

សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង ជូនស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីដាក់ពង្រាយនៅតាមស្រុក ឃុំ សង្កាត់ ងាយស្រួលជួយអន្តរាគមន៍ ទប់ស្កាត់បង្ការពន្លត់ឲ្យបានទាន់ពេលវេលា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រឡាហោម បានឲ្យដឹងថា មន្ដ្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវប្រកាន់ជាតួនាទីនគរបាល ដែលមានវិជ្ជាជីវៈ ដោយមិនរើសអើងកន្លែងមានអគ្គិភ័យ គឺត្រូវជួយសង្គ្រោះទាំងអស់ ។

សម្ដេចបន្ដថា “មុនសង្គ្រោះពលរដ្ឋ មន្ដ្រីពន្លត់អគ្គិភ័យ ដាក់លក្ខខ័ណ្ឌ សុំនេះសុំនោះ បើមិនបាន មិនជួយឡើយ ។ បញ្ហាទាំងនេះ គឺជាអាជីវកម្ម ប្រសិនបើរកឃើញ គឺមានទោស។ សម្ដេចថា មន្ដ្រីនគរបាលទាំងអស់ មិនត្រូវធ្វើរបៀបហ្នឹងឡើយ គឺសង្គ្រោះពលរដ្ឋជាធំ។ ប្រសិនបើម្ចាស់ផ្ទះ ជួនជាសាគុណទើបថ្លៃថ្នូរជាង ជាពិសេសមិនត្រូវដាក់លក្ខខ័ណ្ឌ” ។

សម្តេចក្រឡាហោម ស ខេង បន្តថា “ប៉ុន្ដែមិនត្រូវដាក់លក្ខខ័ណ្ឌទាល់តែបានប៉ុននេះ ប៉ុននោះ បានទៅបាញ់ពន្លត់ អាហ្នឹងខុសហើយ ប៉ុន្ដែបាញ់ពន្លត់ហើយ ជោគជ័យហើយ ទៅយកទឹកក្រូចមួយកេស ទៅនាំគ្នាហូបចុក សប្បាយ ទៅនាំគ្នាសប្បាយទៅ អាហ្នឹងអត់បញ្ហាអីនោះទេ” ។

សម្ដេចបញ្ជាក់ថា មន្ដ្រីពន្លត់អគ្គិភ័យទាំងអស់ ជាក្របខ័ណ្ឌរបស់រដ្ឋ ដូច្នេះ ត្រូវបំពេញការងារ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ សម្ដេចថា កន្លងទៅ ក្រសួងមហាផ្ទៃ ដោះស្រាយបញ្ហាមន្ដ្រីពន្លត់អគ្គិភ័យ ដាក់លក្ខខ័ណ្ឌយកលុយពីម្ចាស់ផ្ទះបានច្រើនផងដែរ ។

ជាមួយគ្នានេះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវអាជ្ញាធរដែនដី គ្រប់ថ្នាក់បង្កើន វិធានការអប់រំណែនាំពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកម្ពស់ការយល់ដឹង និងសកម្មចូលក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅតាមមូលដ្ឋាន ជាពិសេសឲ្យពួកគាត់មានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចម ដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ដូចជា ភ្លើងចង្កៀង, ភ្លើងទៀន, ធូប, ភ្លើងសំរាម, ភ្លើងព្រៃ, បារី, រំសេវ និងវត្ថុដែលងាយឆេះ និងងាយផ្ទុះ ។

សម្ដេចអះអាងថា ចំពោះអង្គភាពនគរបាលពន្លត់អគ្គិភ័យ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងស្ថានីយរថយន្ដពន្លត់អគ្គិភ័យ ត្រូវមានកម្លាំងប្រចាំការ “២៤ម៉ោងលើ១៤ម៉ោង” និងត្រូវត្រៀមជាស្រេចនូវរថយន្ដ និងឧបករណ៍ សម្ភារៈ ដើម្បីចេញអន្ដរាគមន៍ ពន្លត់អគ្គិភ័យបានទាន់ពេលវេលា ។

សូមរំឭកថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ មានករណីគ្រោះអគ្គិភ័យឆាបឆេះ ចំនួន៣៥១លើក បង្កឲ្យមនុស្សស្លាប់ចំនួន១៦នាក់ និងមានអ្នករងរបួសចំនួន៤៦នាក់ ព្រមទាំងបានបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋអស់ ចំនួន៣៦២ខ្នង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post