រតនគិរីៈ អ្នកទោសជនជាតិវៀតណាមពីបទជួញដូរថ្នាំញៀនម្នាក់បានធ្វើអត្តឃាដ ដោយសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ។
ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤ ស្ថិតនៅពន្ធនាគារខេត្ត។
សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះចូវ វាងដាំង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម ជាប់ពន្ធនាគារពីបទជួញដូរថ្នាំញៀន ដោយជាប់ឃុំកាលឆ្នាំ២០១២ នៅភ្នំពេញ ហើយបានផ្ទេរមកខេត្តរតនគិរី កាលពីឆ្នាំ២០១៦ ដែលមានទោសពិន័យ៣០ឆ្នាំ ។ អ្នកទោសរូបនេះធ្វើអត្តឃាដ (ចងកស្លាប់ខ្លួន) ក្នុងបន្ទប់ទឹក ត្រង់អគារB ចំណុចបន្ទប់B4 ក្នុងពន្ធនាគារខេត្តរតនគិរី ហើយការធ្វើអត្តឃាដនេះ រកមូលហេតុមិនឃើញនោះទេ ។
សមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ ទើបធ្វើលិខិតប្រគល់សពជូនសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណីនៅប្រទេសវៀតណាមវិញ ៕