ភ្នំពេញៈ កម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩៖៤៥នាទីយប់ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ២គ្រឿង កាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃដដែល នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុ រ៉ាឌី ហៅ រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបររើសអេតចាយ (ផ្ទុកសារធាតុញៀនក្នុងខ្លួន)។ ជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកអាយហ្វូនសិចផ្លើស ពណ៌ខ្មៅ១គ្រឿង និងម៉ាកអាយហ្វូនសេវែនផ្លើស ពណ៌ខ្មៅ១គ្រឿង (ចំពោះទូរស័ព្ទដៃបានប្រគល់ឲ្យម្ចាស់ឈ្មោះ ប៉ាក ចាន់សុខ យកទៅរក្សាទុកបណ្តោះអាសន្ន)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ុ រ៉ាឌី ហៅ រិទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕