header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា អ្នកនៅក្រៅឃុំបានស្រែកថា សម្ដេចតេជោ បានរងការគាបសង្កត់ដោយបណ្ដាប្រទេសធំៗ ទើបសម្ដេច លើកលែងដល់អ្នកទោសនយោបាយជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ ដូច្នេះអ្នកនៅក្នុងពន្ធនាគារទាំងប៉ុន្មាន ត្រូវជាប់ឃុំបន្ដទៀតសិនចុះ។

សូមជម្រាបថា រហូតមកទល់ពេលនេះ អតីតអ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារមានចំនួន១៥នាក់ មិនរាប់បញ្ចូលទាំង លោក កឹម សុខា នោះទេ។

ប៉ុន្មានថ្ងៃនេះ តុលាការកំពូល បានដោះលែងលោក គឹម សុខ, អ្នកស្រី ទេព វន្នី និងមនុស្សមួយចំនួនទៀត រួមទាំងអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី២នាក់ លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ខណៈមានមតិមួយចំនួន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគាបសង្កត់ដោយបណ្ដាបរទេសធំៗ ទើបសម្ដេច មានការដោះលែងអ្នកទោសទាំងនេះ ដើម្បីសម្រាលស្ថានការណ៍នយោបាយនៅក្នុងប្រទេស។

ឆ្លើយតបចំពោះមតិទាំងនេះ សម្ដេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ថា ប្រសិនបើមានការសណ្ដោះប្រណីពីសម្ដេច ចំពោះអ្នកជាប់ពន្ធនាគារ កុំនិយាយថា នេះបណ្ដាលមកពីការគាបសង្កត់ពីបរទេសឲ្យសោះ ដូច្នេះត្រូវប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី។

នាយករដ្ឋមន្ដ្រីថា ចង់ធ្វើការលើកលែងទោសជាទ្រង់ទ្រាយធំនាពេលខាងមុខនេះ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននេះទេ ក៏ប៉ុន្ដែមានគោលដៅថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, បុណ្យអុំទូក, បុណ្យឯករាជ្យ និងបុណ្យផ្សេងៗទៀត។ ដូច្នេះ បញ្ហាទាំងនេះ នាយករដ្ឋមន្ដ្រី នឹងស្នើទៅក្រសួងយុត្តិធម៌ ដើម្បីនឹងអាចធ្វើការលើកលែងទោសជាទ្រង់ទ្រាយធំ ដើម្បីឲ្យប្រជាពលរដ្ឋអ្នកជាប់ពន្ធនាគារ មានឱកាសចេញមក ដើម្បីធ្វើការកែប្រែខ្លួនសាជាថ្មី។

សម្ដេចតេជោ បន្តថា ខ្ញុំស្អប់ណាស់អាពាក្យហ្នឹង។ ផ្ដាំផ្ញើទៅអ្នកជាប់ពន្ធនាគារ ដែលមានគ្រោងលើកលែងទោសជាង១២នាក់នោះ ត្រូវចាំថា ប្រសិនបើសម្ដេច ត្រូវធ្វើឲ្យអ្នក សូមទោស អ្នកបានធ្វើលិខិតរួចហើយ ក៏ប៉ុន្ដែប្រសិនបើអ្នកណាមួយថា គាបសង្កត់ពីបរទេស បញ្ហាទាំងនឹងទុកសិន

ទោះបីសម្ដេច មិនលើកឡើងចំឈ្មោះទាំង១២នោះក្ដី ប៉ុន្តែមនុស្សទាំង១២នោះ ទំនងជាសម្ដេច ចង់សំដៅទៅលើក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ផ្សេងទៀត ដែលត្រូវបានចៅក្រម នៃតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៧ឆ្ នាំទៅ២០ឆ្នាំ ក្រោមហេតុផលចូលរួមដឹកនាំកុបកម្ម កាលពីខែកក្កដា ឆ្នាំ២០១៤ នៅម្តុំស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ចឹងត្រូវចាំកន្លែងហ្នឹង អ្នកនៅក្រៅ អ្នកនៅក្រៅគុក ខ្ញុំយល់អំពីបំណងរបស់អ្នក ចង់ឲ្យអ្នកនៅ ក្នុងគុកនេះ បន្ដជាប់គុកបន្ដទៀត។ តែអ្នកមិនសោកស្ដាយថា អ្នកទាំងនេះ ធ្លាប់បានរួមដំណើរជាមួយអ្នក ក្នុងការប្រព្រឹត្តិបទល្មើសនោះទេ។ អំពើសណ្ដោះប្រណី ដែលចេញពីចិត្តធម៌របស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ដ្រី ហើយដែលត្រូវអនុវត្តន៍ច្បាប់ពន្ធនាគារចែងថា នាយករដ្ឋមន្ដ្រី មានសិទ្ធិនឹងសុំលើកលែងទោសថ្វាយព្រះមហាក្សត្រ នៅពេលណាក៏បាន

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ច្បាប់របស់ពន្ធនាគារ បានអនុញ្ញាតឲ្យនាយករដ្ឋមន្ដ្រី ធ្វើរបៀបនេះ ប៉ុន្ដែជាទូទៅត្រូវអនុវត្តន៍ទោស២ភាគ៣សិន ទើបអាចបន្ធូរបន្ធយ និងលើកលែងទោសបាន។ ការលើកលែងទោសនាពេលខាងមុខនេះ ហៅថា ការលើកលែងទោសទ្រង់ទ្រាយធំ មិនត្រូវចាំបាច់យក២ភាគ៣ មកនិយាយឡើយ ដើម្បីឲ្យពលរដ្ឋអាចដោះលែងមុនបុណ្យជាតិធំៗ។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា ប៉ុន្ដែបើសិនជាវានៅស្រែកដដែលៗ ទុកវាសិនទៅ ទុកសិន ចាំឲ្យបើអានោះវានៅតែស្រែក យើងតម្រូវឲ្យអ្នកឃុំឃាំងធ្វើលិខិតសាជាថ្មី ថ្កោលទោសអានោះ ព្រោះអានោះ ចង់ឲ្យអ្នកនៅនេះ ជាប់គុក ចឹងទេ តម្រូវត្រូវនិយាយថា នេះខ្ញុំសូមមិនមែនអន្ដរជាតិគាបសង្កត់ទេ

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើទៀត ដល់អ្នកដែលបានចេញពីពន្ធនាគារនាពេលថ្មីៗនេះ កុំព្រហើនពេក កុំខ្លាំង តែបើខ្លាំងចាប់បញ្ចូលពន្ធនាគារវិញ ហើយធ្វើយ៉ាងណាកុំប៉ះពាល់ដល់ច្បាប់ បើចឹងគេចាប់ដាក់គុកទៀត។ ត្រូវដឹងថា សេរីភាពអ្នកឯង មានព្រំប្រទល់ជាមួយសេរីភាពអ្នកដទៃ។ អ្នកឯងនិយាយប៉ះពាល់គេ ជាប់គុកទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែសីហា ក្នុងឱកាសតុលាការកំពូល បើកសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក កឹម សុខា លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលទើបតែចេញពីពន្ធនាគារថ្មោងថ្មី បានទៅឃ្លាំមើលនៅមុខតុលាការ។ ដោយពេលនោះ លោកបានផ្តល់បទសំភាសន៍ជុំវិញការដោះលែងរូបលោក និងការចាប់ខ្លួនលោក កឹម សុខា ជាដើម ក្នុងន័យទម្លាក់កំហុសទៅរាជរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post