header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រជាពលរដ្ឋច្រើនគ្រួសារ រស់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងបិតផ្លូវមិនឲ្យក្រុមរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយ ដែលបានសុំច្បាប់អស់ហើយ ប៉ុន្តែមិនគោរពតាមកិច្ចសន្យា បើទោះបីប្រជាពលរដ្ឋទាំងអស់ សំណូមពរដល់ម្ចាស់ក្រុមហ៊ុន និងតៃកុងរថយន្ត សូមកុំឲ្យបើកកាត់ផ្លូវក្នុងភូមិ និងសុំផ្អាកដឹកដី២ទៅ៣ថ្ងៃ ដើម្បីពួកគាត់បូមទឹកដាក់ស្រូវរបស់ពួកគាត់។

ជាមួយគ្នា ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីជីកយកអាចម៍ដី ដែលពេលសុំបានច្បាប់ ហើយធ្វើតាមតែទំនើងចិត្ត មិនគោរពតាមកិច្ចសន្យារបស់ជំនាញ និងថ្នាក់ខេត្ត ដែលបានកំណត់។ កន្លងទៅ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្រុមណាក៏ដោយឲ្យតែមិនគោរពតាមកិច្ចសន្យា ដូចជា ដឹកដីមិនគ្របតង់ ធ្វើឲ្យខូចផ្លូវ មិនស្រោចទឹក ធ្វើឲ្យហុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត លោកនឹងចាប់ឃាត់ និងបិទអាជីវកម្មនោះតែម្តង បើទោះបីសុំច្បាប់អនុញ្ញាតហើយក៏ដោយ។

ប្រជាពលរដ្ឋឈ្មោះ ស៊ូ សំអន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា កាលពីមុន ផ្លូវនៅក្នុងភូមិរបស់គាត់ ងាយស្រួលក្នុងការធ្វើដំណើរណាស់ តែចាប់តាំងពីជាងមួយខែមុននេះ មានក្រុមហ៊ុនមួយបានមកទិញដីពីប្រជាពលរដ្ឋ ហើយបានយកគ្រឿងចក្រមកជីកកាយដី ដោយបានសុំច្បាប់ត្រឹមត្រូវ ប៉ុន្តែគ្រាន់តែគាត់ជាប្រជាពលរដ្ឋសុំឲ្យក្រុមរថយន្តដឹកដីទាំងអស់នោះ ផ្អាក២ទៅ៣ថ្ងៃ ដើម្បីពួកគាត់អាចបូមទឹកដាក់ស្រែស្រូវរបស់ពួកគាត់ ស្រាប់តែលោកមេការឈ្មោះ ហឹម ដែលគេស្គាល់ថា ជាមេភូមិតាគាំ មិនអនុញ្ញាតឡើយ។ លោកបន្ថែមថា មេការឈ្មោះ ហឹម មិនត្រឹមតែមិនអនុញ្ញាតឲ្យប៉ុណ្ណោះទេ ថែមទាំងមិនស្រោចទឹក បណ្តោយឲ្យដីហុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗ ដែលងាយជួបជំងឺ។ ជាងនេះទៅទៀត ផ្លូវក៏រងការខូចខាត ហើយក្រុមរថយន្តដឹកដីទាំងអស់នេះ ដឹកលើសទ្រុងធ្លាក់ដី និងមិនគ្របតង់ទៀតផង។ ដូច្នេះក្នុងនាមលោកជាប្រជាពលរដ្ឋ សូមសំណូមពរដល់លោកមេភូមិ មេឃុំ អភិបាលស្រុក ជំនាញរ៉ែ និងថាមពលខេត្ត និងលោកអភិបាលខេត្ត មេត្តាជួយចាត់ជំនាញចុះពិនិត្យមើលសកម្មភាពរបស់ក្រុមឈ្មួញជីកកាយដីយកប្រយោជន៍ខ្លួនឯង មកបំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋ ដែលថ្នាក់លើកសាងសម្រាប់ប្រជាពលរដ្ឋផង។

ដោយឡែកអ្នកស្រី ស៊ឹម អូន អាយុ៤៥ឆ្នាំ មុខរបរកសិករ និងលោកយាយ ប៉ុល វ៉ន អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិខាងលើ បាននិយាយស្រដៀងគ្នាថា រាល់ថ្ងៃ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុមរថយន្តដឹកដី ព្រោះតែតៃកុងរថយន្តបើកលឿន បើទោះបីពួកគាត់បាននិយាយប្រាប់ បានហាមឃាត់ ឬសំណូមក៏ដោយ ក៏ក្រុមតៃកុងរថយន្តទាំងអស់នោះគគ្លើនឌឺដងដាក់ពួកគាត់ថែមទៀត។ រាល់ថ្ងៃក្រុមហ៊ុនខាងលើ មិនសូវដែលស្រោចទឹកនោះឡើយ ជួនកាលស្រោចម្តងៗ ហើយហុយខ្លាំង ជាពិសេសកូនចៅតូចៗរបស់ប្រជាពលរដ្ឋ ពួកគាត់ខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ដូចនេះ ពួកគាត់សំណូមពរឲ្យថ្នាក់លើមេត្តាជួយពិនិត្យមើល និងជួយទប់ស្កាត់ក្រុមហ៊ុនអាងអំណាច ដោយមានមេការឈ្មោះ ហឹម ជាមេភូមិតាគាំ ឃុំវល្លិ៍ស ដែលជាមេភូមិផង ជាមេការ(កាង)រណ្តៅដីផងនោះ។

ប្រជាពលរដ្ឋបន្តទៀតថា ប្រសិនបើក្រុមហ៊ុន និងក្រុមតៃកុងរថយន្ត មិនព្រមគោរពតាមកិច្ចសន្យា និងសំណូមពររបស់ប្រជាពលរដ្ឋទេនោះ ពួកគាត់នឹងនាំគ្នាបិទផ្លូវ មិនឲ្យបើកបរកាត់ភូមិរបស់ពួកគាត់ឡើយ។

សូមជម្រាបថា ក្រុមហ៊ុនជីកកាយដីខាងលើនេះ មានឈ្មោះ អឹម សុខឃី ដោយមានតំណាង ឬមេការ ដែលគេស្គាល់ថា ឈ្មោះ ហឹម ជាមេភូមិវល្លិ៍ស នៅប្រចាំការកត់ក្រុមរថយន្តដឹកដី។ លោក ហឹម និយាយថា មុននឹងពួកគេជីកកាយដីនេះ ក្រុមហ៊ុនបានសុំច្បាប់រួចរាល់ហើយ ដោយមានសិទ្ធិក្នុងការជីកកាយក្នុងទំហំ១ហិកតា ប៉ុន្តែចំពោះជម្រៅវិញ លោកមេការមិនបានប្រាប់ឡើយ​ ដោយជំរុញឲ្យអ្នកកាសែតទៅសួរខាងជំនាញរ៉ែ និងថាមពលខេត្ត។

ចំពោះការចោទថា រថយន្តដឹកដីមិនគ្រប ហើយក្រុមហ៊ុនមិនដែលស្រោចទឹកនោះ លោក ហឹម អះអាងថា ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនគេបានស្រោចទឹកដល់ទៅជាង១០រថយន្ត ហើយការដឹកដីទៀតសោត ក៏ត្រូវបានគ្របតង់ជិតផងដែរ។ ការអះអាងនេះ ផ្ទុយពីការមើលឃើញជាក់ស្ដែង នៅខណៈក្រុមអ្នកសារព័ត៌មានទៅថតផ្ដិតយករូបភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post