ភ្នំពេញៈ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ុ សំអាន ដែលទើបរួចចេញពីពន្ធនាគារ បានអះអាងថា នៅតែធ្វើនយោបាយបន្តទៀត ពិសេសនោះរង់ចាំគណបក្សសង្គ្រោះជាតិកើតវិញ។
ប្រាប់ឲ្យដឹងក្រោយចេញពន្ធនាគារកាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៨ លោក អ៊ុ សំអាន បានបញ្ជាក់ថា លោកត្រូវបានខាងពន្ធនាគារដោះលែងឲ្យចេញវេលាម៉ោងប្រមាណជាង៣។ លោកបញ្ជាក់ថា «ខ្ញុំមិនបានដឹងថា គេឲ្យចេញមកទេ។ ខ្ញុំបានជាប់ពន្ធនាគារជាង២ឆ្នាំ ហើយដោយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២កន្លះ រហូតមកដល់ពេលនេះ ខ្ញុំសល់តែ១ ខែ ទៀតដល់ពេលចេញ»។
លោក អ៊ុ សំអាន បានអះអាងថា លោកសប្បាយរីករាយណាស់ដែរត្រូវបានចេញពីពន្ធនាគារឲ្យមានសេរីភាពភាពវិញ។ លោកថា « ខ្ញុំសប្បាយរីករាយ យើងដឹងហើយថា ក្នុងពន្ធនាគារ ពិបាកយ៉ាងណា សួរតែលោក គឹម សុខ ដែលធ្លាប់ជាប់ក៏ដឹងដែរ។ ជាងនេះអតីតបុគ្គលិកវិទ្យុ អាស៊ីសេរីក៏ដឹង»។
សម្រាប់ការចេញពីពន្ធនាគារ លោក អ៊ុ សំអាន បានឲ្យដឹងថា មុនដំបូងលោកទៅជួយប្រពន្ធកូន ដែលបានបែកគ្នាអស់រយៈពេលយូរមកហើយ។ ចំណែករឿងនយោបាយវិញ លោកថា មិនដឹងទៅចូលបក្សណានោះទេ ដោយរង់ចាំមើលគណបក្សសង្គ្រោះជាតិកើតវិញ និងចូលរួមធ្វើនយោបាយឡើងវិញ ព្រោះអ្នកនយោបាយមិនអាចបោះបង់ចោលនយោបាយបាននោះទេ។
អតីតសមាជិកសភាបក្សប្រឆាំង និងអ្នកដែលពូកែរិះគន់រាជរដ្ឋាភិបាលក៏បានសម្តែង ការសាទរចំពោះគម្រោងលើកលែងអ្នកទោសទ្រង់ទ្រាយធំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
លោកថា «ខ្ញុំសារទចំពោះគម្រោងលើកលែងអ្នកទោស ដែលបង្ហាញថា ការបង្រួបង្រួមជាតិមួយ តាមរយៈលើកលែងអ្នកទោសទ្រង់ទ្រាយ ដូច្នេះខ្ញុំសង្ឃឹមថា ខ្មែរ និងខ្មែរចាប់ដៃគ្នា ដើម្បីរក្សាទឹកដីរបស់យើង»៕