ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មានថា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប ដែលរួមមាន លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្នហើយ ។
សូមជម្រាបជូនថា កាលពីអំឡុង ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានតុលាការ បង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»។
បន្ថែមលើសពីនេះ អ្នកយកព័ត៌មានទាំង២រូបនេះ ក្រៅពីបទចោទប្រកាន់រឿងចារកម្មនោះហើយ ពួកគេក៏ត្រូវបានតុលាការចោទប្រកាន់បន្ថែមនូវសំណុំរឿងមួយទៀត គឺ «ការផលិតវីដេអូអាសអាភាស» ទៀតផង៕