header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមានដល់អ្នកនិយាយថា នៅកម្ពុជា មានរដូវកាលចាប់ឃុំឃាំង និងរដូវកាលដោះលែង ជាចេតនាដាក់បន្ទុកមកលើរាជរដ្ឋាភិបាល រៀបចំផែនការ។ ការអះអាងនេះ ត្រូវបានអ្នកនាំពាក្យរូបនេះ បណ្ជាក់យ៉ាងដូច្នេះថា "ការចាប់ជនល្មើស និងការដោះលែងទណ្ឌិត គ្មានរដូវកាលនោះទេ"។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានមតិមួយចំនួនថា ដល់រដូវដោះលែងអ្នកទោសហើយ។ ជាក់ស្តែងអ្នកទោសមួយចំនួន ជាអតី​តសកម្មជនបក្សសង្គ្រោះជាតិ អ្នកនយោបាយ អ្នកសារព័ត៌មាន ត្រូវបានដោះលែងឲ្យ​មានសេរីភាពវិញជាបន្តបន្ទាប់ បន្ទាប់ពីពួក​គេបានជាប់ពន្ធនាគារជាច្រើនខែច្រើនឆ្នាំ។

លោក សុខ ឥសាន្ត បានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៨ ខែសីហានេះថា "អ្វីទៅជារដូវចាប់ និងរដូវដោះលែង។ តាមការពិតជាក់ស្តែង នៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសលើពិភពលោក ការចាប់ចង និងការដោះលែងជនល្មើសច្បាប់ គ្មានរដូវទេ ឲ្យតែពេលណាប្រព្រឹត្តល្មើ​សច្បាប់ ខុសច្បាប់នោះ ជនល្មើសច្បាប់ នឹងត្រូវចាប់ខ្លួនជាមិនខាន"។

លោកបន្តថា ចំណែកការដោះលែងជនជាប់ចោទ និងទណ្ឌិត ក៏ដូច្នេះដែរ គ្មានរដូវកាលទេ វាអាស្រ័យលើសាច់រឿងរបស់សាម៉ីជន និងករណីនីមួយៗ។ ដូច្នេះ ការដែលនិយាយថា មានរដូវចាប់ និងរដូវដោះលែងនោះ ហាក់ដូចជាមានចេតនាចោទថា ជាផែនការចាប់ចង និងដោះលែង ដោយមិនផ្អែកលើ​បញ្ហាបទល្មើ​ស និងនីតិវិធីរបស់ស្ថាប័នតុលាការ ទាល់តែសោះ។ ហេតុ​នេះ មុននឹងនិយាយស្តី សូមស្នើអ្នកដែលមានសិទ្ធិនិយាយមេត្តាពិចារណាផង កុំចេះតែពឺតទាំងមិនដឹងខ្យល់នោះ។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ស្របពេលដែលព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ទណ្ឌិតមួយចំនួន តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី មានដូចជា ៖ លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ, លោកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និងសហការីចំនួន៣នាក់, លោក អ៊ុ សំអាន សមាជិករដ្ឋសភាអតីតគណបក្សសង្គ្រោះជាតិ, អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២នាក់, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជាចុងក្រោយនេះ គឺលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post