header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាន់តែសាហាវមែនហើយ បុរសម្នាក់ កំពុងឈរចាំមិត្តស្រីចេញពីធ្វើការ ត្រូវក្រុមក្មេងទំនើង៧ទៅ៨នាក់ បានព្រួតវាយទម្លាក់ចូលទឹកទន្លេ លិចបាត់ដំណឹងសូន្យឈឹងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវស៊ីសុវត្ថិ ចំណុចជួរមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គីម សានរ៉ាវុធ ហៅ (ស) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

តាមសម្ដីអ្នកឃើញហេតុការណ៍ផ្ទាល់ សុំមិនបញ្ចេញអត្តសញ្ញាណ រៀបរាប់​ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ ជា​រើយៗគេតែងតែឃើញជនរងគ្រោះ មកអង្គុយនៅលើបង់មាត់ទន្លេ ដើម្បីចាំមិត្តស្រីរបស់ខ្លួនចេញពីធ្វើការក្នុងហាងបារាំង ជាប្រចាំស្ទើរតែរាល់យប់ទៅហើយ។ តែនៅយប់កើតហេតុ ជនរងគ្រោះ​បានដើរពាក់មួកពណ៌ខ្មៅ រួចមកអង្គុយនៅលើបង់មាត់ទន្លេ ដើម្បីចាំមិត្តស្រីរបស់ខ្លួនចេញពីធ្វើការដូចសព្វដង តែមិនដឹងមូលហេតុអ្វី ស្រាប់លេចមុខក្រុមក្មេងស្ទាវមានគ្នា៧-៨នាក់ ក្នុងនោះមានក្មេងស្ទាវ៣ទៅ៤នាក់ ប្រដាប់ដោយដំបងឈើ ដែលកាច់របងដើមឈើនៅសួរច្បារក្បែរនោះ កាន់ជាប់ដៃទៀត បានដើរសំដៅរកជនរងគ្រោះ រួចមិនបានសួរនាំអ្វីច្រើននោះទេ បាននាំគ្នាព្រួតគ្នាវាយ ខណៈជនរងគ្រោះមិនដឹងខ្លួន ទើបមិនអាចតដៃ​ ឬរត់គេចទៅណាបាន រហូតត្រូវបានក្រុមក្មេងស្ទាវទាំងនោះ វាយរហូតធ្លាក់ចូលទៅក្នុងទឹកទន្លេលិចបាត់ឈឹងតែម្ដង បន្សល់​ទុកតែមួកពណ៌ខ្មៅរបស់ជនរងគ្រោះនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ភ្លាមៗនោះ ពួកគេជាជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលអស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមិនទាន់អាចបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងបានទេ ព្រោះមិនចង់ឲ្យអ្នកសារព័ត៌មានចេញផ្សាយពីបញ្ហាអសកម្ម ដែលកើតមានក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ទើបពេលចុះមកដល់កន្លែងកើតហេតុ បែរជាប្រញ៉ាប់នាំនារីម្នាក់ ដែលបានឃើញហេតុការណ៍នោះ យកទៅប៉ុស្តិ៍ដើម្បីសាកសួរបន្តឲ្យបាត់ពីកន្លែងកើតហេតុសិន។ ចំពោះហេតុការណ៍នេះ យើងក៏មិនទាន់ដឹងពីមូលហេតុច្បាស់លាស់យ៉ាងណានោះទេ ខណៈដែលសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សុំធ្វើការ​ស្រាវជ្រាវសិន។

​ជាមួយគ្នានេះ​កាលពីវេលាម៉ោង០៤ទាបភ្លឺ​ ឈានចូលថ្ងៃសុក្រ ទី១៧ ខែសីហា​ ឆ្នាំ២០១៨​កន្លងទៅថ្មីៗនេះដែរ ក៏មានករណីវាយប្លន់ជនបរទេសដែរ កើតឡើងត្រង់ចំណុចជាប់​វាលព្រះ​មេន តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យជនបរទេស​ម្នាក់របួសបែកមុខខ្ទេច ខណៈពេលដែលដើរចេញពីដកលុយក្នុងទូATM ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន តែម្ដង ដែលមិនរំខានសមត្ថកិច្ចសង្កាត់ជ័យជំនះបន្តិចឡើយ។

សូមបញ្ជាក់ថា​ កាលពី​ថ្ងៃ​ទី​២៧​ សីហា ២០១៨នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​សន្និបាត​បូក​សរុប ការងារ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កន្លង​មកនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​អន្តរា​គម​ន៏​បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់។ ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសា​ស​ន៍​ទៀត​ថា ការ​ដាក់​បទបញ្ជា​នេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៍ជា​ធំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post