ភ្នំពេញៈ ក្រោយបញ្ចប់ការបោះឆ្នោតជ្រើស តំណាងតំាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រយ៉ាងលើសលុបផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សម្ដេច បានចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលថ្មី។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករ-កម្មការិនី ប្រមាណ ១៨,៤៦៧នាក់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ថា “បញ្ជាក់ជូនទៅប្រជាពលរដ្ឋទូទាំងប្រទេស ម្សិលមិញខ្ញុំបានចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ដែលពីមុនយើងបានគ្រោងទុកការកោះប្រជុំសភាដំបូងនៅថ្ងៃទី១៩ កញ្ញា ព្រឹក ថ្ងៃទី២០កញ្ញា នឹងបង្កើតរាជរដ្ឋាភិបាលថ្មី និងព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្រ្តីប្រជុំលើកដំបូង”។
សម្ដេចបន្ដថា ប៉ុន្តែក្រោយការពិគ្រោះយោយបល់ ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ គឺការផ្លាស់ប្ដូរនេះ គឺត្រូវបង្កើតរាជរដ្ឋាភិបាលមុនកាលបរិច្ឆេទ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា រដ្ឋសភានឹងកោះប្រជុំតាមរយៈព្រះមហាក្សត្រ ល្ងាចថ្ងៃទី៥ ខែកញ្ញា គឺរដ្ឋសភានឹងចូលស្បថកាន់តំណែងនៅថ្ងៃទី៦ ខែកញ្ញា នឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលថ្មីនៅល្ងាចនឹងស្បថចូលកាន់តំណែងនៅព្រឹកថ្ងៃទី៧ គណៈរដ្ឋមន្រ្តីនឹង បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន៕