header ads

Sponsor

ពិសី

ភ្នំពេញៈ លោក កី ម៉ានេរ៉ា អនុ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ សីហា  ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុ​រសម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពីបទ មនុស្សឃាតដោយអចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ តុលាការ ក៏បានសម្រេចពិន័យជាប្រាក់ ចំនួន៤លានរៀល បង់ចូលជាថវិកាហើយ និងបង្គាប់ឲ្យ​ជនជាប់ចោទសងប្រាក់ដល់ឪពុកជនរងគ្រោះចំនួន១៥លានរៀលផងដែរ។

ជនត្រូវចោទឈ្មោះ ប៊ុន អូន អាយុ២៥ឆ្នាំ ជាប្តីរបស់ស្ត្រីរងគ្រោះ​ដែលមានផ្ទៃពោះ៨ខែ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន កាលពីចុងឆ្នាំ២០១៧ នៅកន្លែងកើតហេតុ ។

សូមរឭកថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានហេតុការណ៍មួយបានកើតឡើង ដោយស្ត្រីម្នាក់ មានផ្ទៃពោះ៨ខែ បានធ្លាក់ពីលើសំណង់អគារខុនដូរស្លាប់ ស្ថិតនៅចំណុចការដ្ឋានដែលកំពុងសាងសង់ ខាងត្បូងស្ថានទូតចិន លើផ្លូវលេខ១៦៧ កែងផ្លូវ៤៣២  សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានបើកការស៊ើបអង្កេត ជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួន បុរសជាប្តីមកសាកសួរ។

បុរសជាប្តី បានសារភាពថា ខ្លួនមិនមានចេតនាសម្លាប់ប្រពន្ធនោះទេ ពោលគឺនៅ​ថ្ងៃកើតហេតុខ្លួនបានប្រលែងលេងជាមួយប្រពន្ធ ដែលកំពុងពពោះ៨ខែ។ ស្រាប់តែប្រពន្ធរអិលធ្លាក់ពីលើអាគារស្លាប់តែម្តង។ ចាប់តាំងពីពេលនោះមកតុលាការបានឃុំខ្លួនបុរសជាប្ដីរហូតដល់ថ្ងៃកាត់ទោស និងប្រកាសសាលក្រមនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post