ភ្នំពេញៈ ផេកហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានយកមកគ្រប់គ្រង់ជាផ្លូវការវិញហើយ។
លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ឲ្យដឹងថា “ផេកហ្វេសប៊ុកនាយករដ្ឋមន្រ្តី ត្រូវបានយកមកគ្រប់គ្រង់ជាផ្លូវការវិញហើយ នៅមុននេះ ។ ពេលនេះ សមត្ថកិច្ចកំពុងតែតាមដាន ហើយធ្វើការជុំវិញរឿងនេះ ហើយក៏មិនអត់ឱនឲ្យជនណាបង្កបញ្ហាអសន្តិសុខ ពាក់ព័ន្ធការបោះឆ្នោតនៅកម្ពុជា”។
លោក ខៀវ សុភ័ក បានបង្ហើបថា “ជនអនាមិក ដែលធ្វើការ (Hack) មានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយពេលនេះសមត្ថកិច្ចបាននឹងកំពុងធ្វើការ ដើម្បីចាត់ការ ទោះបីជារូបភាពបែបណាក៏ដោយ សមត្ថកិច្ចមិនអត់ឱនឲ្យជាដាច់ខាត”។
សូមរំឭកថា កាលពីព្រឹកថ្ងៃទី១០ សីហា គេហទំព័រហ្វេសប៊ុកផ្លូវការនាយករដ្ឋមន្រ្តី ត្រូវបានជនអនាមិកវាយប្រហារ (Hack) បានដោយជោគជ័យ និងយកទៅគ្រប់គ្រងនៅមុននេះបន្តិច។ បន្ទាប់មក ក្រុមអនាមិកក៏បានចេញផ្សាយព័ត៌មានមិនពិតពីការបែងចែកអាសន្នៈដូចខាងក្រោមនេះ៖
“ដើម្បីលើកតម្កើង លិទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជា និងចែករំលែក ៤អាសនៈទៅគណបក្សផ្សេងទៀត ២អាសនៈ ជូនទៅគណបក្សសម្ព័ន្ធដើម្បីធិប្រជាធិបតេយ្យ និង២អាសនៈទៀតជូនទៅគណបក្សហ្វ៊ុនស៊ិនប៉ិច"។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
“រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលមានខ្ញុំ ជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា”។
អ្នកគ្រប់គ្រងគេហទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន លោក ដួង តារា នៅម៉ោង១១៖៤១នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ក៏ប៉ុន្តែលោកបានបំភ្លឺប្រាប់សារព័ត៌មានក្នុងស្រុកមុននេះថា “គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ”៕