ភ្នំពេញៈ លោក ប៊ុន ធី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា នេះ បានបើកសវនាការជំនុំជម្រះ និងប្រកាសសាលក្រមផ្តន្ទាទោស អ្នកស្រីទេព វន្នី និងសកម្មជនបឹងកក់ ៥រូបទៀត ពាក់ព័ន្ធការគំរាមថា នឹងសម្លាប់អតីតស្ត្រីបឹងកក់ឈ្មោះ លី មុំ កាលពីឆ្នាំ២០១២។
សាលក្រមនោះ បានផ្តន្ទាទោសឈ្មោះ ទេព វន្នី, ឈ្មោះ ហេង មុំ , ឈ្មោះង៉ែត ឃុន, ឈ្មោះ ឆេង លាភ, ឈ្មោះគង់ ចាន់ថា និងឈ្មោះ តុល ស្រី ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ពីបទគំរាមថានឹងសម្លាប់ ប៉ុន្តែទោសត្រូវព្យួរទាំងអស់។
ក្រោយការប្រកាសសាលក្រម លោកស្រី ទេព វន្នី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការថា អ្នកស្រីមិនសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ ហើយអ្នកស្រីនឹងប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នៅពេលខាងមុខ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់សកម្ម ជនដីធ្លីចំនួន ៣នាក់ រួមមាន ៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ និងលើកលែងទោសដល់អ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមអំណាចសាលដីកាលេខ៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូលផងដែរ។
ក្រោយមានព្រះរាជក្រឹត្យ និងដីកាដោះលែងនេះ សកម្មជនដីធ្លី សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារ ម២ នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តែម្តង៕