កាលពីថ្ងៃម្សិលមិញ មានករណីប្លន់មួយបង្កឡើងដោយក្រុមចោរប្រដាប់ដោយអាវុធ ចូលប្លន់ធនាគារ ឥណ្ឌូឆាយណា (RHG) ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅវិទ្យាស្ថាន វណ្ណ ដា តាមបណ្តោយផ្លូវម៉ៅសេទុង ដោយក្រុមចោរមានគ្នា ៥ នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ២ដើម ប្លន់ប្រមូលយកលុយអស់ជាង ១០ម៉ឺន ដុល្លារ ហើយក៏រត់គេចទៅដោយសុវត្តិភាព។
ទាក់ទងនឹងករណីនេះដែរ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ មីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ត្រូវចេះរកវិធីការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរបស់អតិថិជនដែលបានផ្ញើ ដោយថាមិនចាំបាច់មានការណែនាំពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋនោះទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សង្កត់ធ្ងន់ថា៖ ស្ថាប័នឯកជនគួរតែគិតគូខ្លួនឯង ទ្រព្យសម្បត្តិខ្លួនឯង គិតគូរខ្លួនឯងទៅ ចាំបាច់គេណែនាំ។ ផ្ទះយើងដេកមិនយាម ចោរចូលលួចមាន់ស៊ីអស់ឥឡូវហើយ។
ចំណែកឯ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយនាយកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ ដើម្បីបានប្រាប់ទៅសមត្ថកិច្ចទាំងអស់មិនត្រូវបន្ទោសគ្នាទៅវិញមក ឬដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ ប៉ុន្តែត្រូវរួមសហការគ្នា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ដែលអាចជាបក្សពួករបសក្រុមចោរខាងលើ ហើយបាននាំយកទៅសាកសួរអស់ជាច្រើនម៉ោង ទើបដឹងថាយុវជនរូបនេះមិនបានពាក់ព័ន្ធនិងករណីប្លន់នេះឡើយ ហើយក៏ដោះលែងឲ្យមកផ្ទះវិញ។