លោកស្រី ប៊ូ រចនា ប្រពន្ធសពលោកបណ្ឌិត កែម ឡី ហើយត្រូវជាប្អូនថ្លៃលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បានរិះគន់ចំៗទៅលើលោក កែម រិទ្ធិសិត ក៏ដូចជាគណបក្សខ្មែរតែមួយ ដែលបានយល់ព្រមធ្វើជាសមាជិកនៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា។
តាមរយៈហ្វេសប៊ុក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះ លោកស្រី ប៊ូ រចនា បានសរសេរថា៖ សូមជនរួមជាតិ ជួយឲ្យគាត់(កែម រិទ្ធិសិត)ល្បីផង និងជួយដាក់ឈ្មោះឲ្យផង បន្ទាប់ពីបោះឆ្នោតក្លែងក្លាយរួចមក មានមេបក្សមួយបានចេញកន្ទុយឲ្យមហាជនបានឃើញហើយ កោតណាស់ចេះធ្វើអំពើថោកទាបយ៉ាងនេះទៅកើត ឃើញលុយនិងអំណាចធំជាង កេរ្តិ៍ឈ្មោះ ចូលរួមបំផ្លាញឈ្មោះបងប្រុស ជាន់ឈ្លីកិត្តិយសបងប្រុសខ្លួនឯង ដោយអំពើលោភ
លន់។ មិនចេះគិតអ្វីល្អ អ្វីអាក្រក់ ចូលរួមបំផ្លាញសង្គមជាតិ។
ក្នុងន័យនេះ លោកស្រី រចនា ចង់និយាយថា នៅពេលដែលយុត្តិធម៌សម្រាប់ស្វាមីលោកស្រី ក៏ដូចជាគ្រួសារលោកបណ្ឌិតកែម ឡី មិនទាន់ទទួលបានផង បែរជាបងប្អូនទៅចូលរួមការបោះឆ្នោតក្លែងក្លាយ ហើយថែមទាំងចូលក្នុងសមាជិកនៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក គុជ លី សហស្ថាបនិកគណបក្សខ្មែរតែមួយ បាននិយាយថាការសម្រេចចិត្តទៅចូលរួមធ្វើការងារនៅក្នុង"ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" ដើម្បីចូលរួមចំណែករក្សាសន្តិភាព ការពារថែរក្សាមាតុភូមិកម្ពុជានៃយើង និងបន្តចូលរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជាក្នុងនាមជាកូនខ្មែរ ម្នាក់។