វីដេអូ Live
ភ្នំពេញៈ ក្រុមចោរប្រដាប់អាវុធមានគ្នាប្រមាណ៥នាក់ បានសម្រុកចូលធនាគារឥណ្ឌូឆៃណា អគារសាលាវ៉ាន់ដា ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ ទាំងកណ្ដាលថ្ងៃ។
មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយក្រុមចោរ បានភ្ជង់ប្លន់យកអស់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែមិនមានការចាប់ខ្លួនជនល្មើសនោះទេ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានបន្ថែមថា មុនពេលកើតហេតុ ជនល្មើសបានបន្លំចូលធ្វើជាអតិថិជនដក-ដាក់លុយនៅធនាគារឥណ្ឌូឆៃណា ដែលធនាគារចិន ក្រោយមកជនល្មើស ក៏បានធ្វើសកម្មភាពភ្ជង់ប្លន់យកលុយក្នុងធនាគារ អស់ចំនួនជាង១០ម៉ឺនដុល្លារ រួចនាំគ្នាគេចបាត់។
ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការឡោមព័ទ្ធជុំវិញបរិវេណធនាគារឥណ្ឌូឆៃណា ប៉ុន្តែមិនទាន់មានការលម្អិតអំពីករណីនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ និងពិនិត្យលើកាមរ៉ាសុវត្ថិភាពនៅក្នុងធនាគារ។
បញ្ជាក់ករណីប្លន់ប្រដាប់អាវុធខាងលើនេះ ពុំមានបុគ្គលិកធនាគារណាម្នាក់ រងរបួសឡើយ៕