header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ និងលក់រាយទាំងអស់មេត្តាជ្រាបថា អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរី បានជូនដំណឹងអំពីការរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី និងនាំចូលដោយក្រុមហ៊ុន Danone Dumex ដោយអាជ្ញាធរសិង្ហបុរី បានផ្តល់ការណែនាំដល់ក្រុមហ៊ុន នាំចូលឱ្យប្រមូលត្រឡប់មកវិញនូវឡូតិ៍ផលិតផលដែលមានបញ្ហា និងផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់ សូមកុំប្រើប្រាស់ផ្តល់ជាអាហារសម្រាប់ទារក។

សេចក្ដីជូនដំណឹងបានបន្តថា ការទទួលទានអាហារ ដែលមានចម្លងចូលបាក់តេរីនេះ បណ្តាលឲ្យមានជម្ងឺរលាកពោះវៀនធំ ពោះវៀនតូច រលាកស្រោមខួរក្បាល ។ល។ ហើយទារកដែលមានអាយុតិចជាង២ខែ (អាត្រា នៃការស្លាប់មានពី១០% ទៅ៨០%) និងជនដែលមានប្រព័ន្ធភាពស៊ាំនឹងការបង្កជម្ងឺមានលក្ខណៈទន់ខ្សោយ គឺជាជនងាយរងគ្រោះបំផុត។

អត្តសញ្ញាណផលិតផលម្សៅ ទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula - Step 1 ដែលមានចម្លងចូលបាក់តេរី Cronobacter sakazakii មានបញ្ជាក់ជូនក្នុងតារាងភ្ជាប់មកជាមួយ។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន៖

*ផ្តល់ល់ព័ត៌មាន និងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបាន អធិប្បាយក្នុងតារាងជូនភ្ជាប់
*ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននំាចូល និងមានចរាចរ លើទីផ្សារ
*ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

លេខទូរស័ព្ទទំនាក់ទំនងៈ
*ទូរស័ព្ទខ្សែទី ១ ០១២ ២៧៨ ៧៨៩ 
*ទូរស័ព្ទខ្សែទី ២ ០៩២ ៩៩៩ ៨៦៧ 
*ទូរស័ព្ទខ្សែទី ៣ ០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់របស់សាធារណជន ពាណិជ្ជករ អាជីវករទាំងអស់ លើកិច្ចសហការការពារសុខុមាលភាព អ្នកប្រើប្រាស់ជាពិសេស ទារក កុមារតូច និងមនុស្សចាស់ដែលជាជនងាយរងគ្រោះឲ្យបានល្អប្រសើរ៕

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post