header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ទំនងជាស្រវឹងស្រាផងនោះ បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តបាញ់បេតុង ដែលកំពុងឈរបាញ់បេតុងសង់អគារយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើងឡើងកាលពីវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ជាប់របងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ភ្នាក់ងារ ខេម ប៉ុស្តិ៍ ឲ្យដឹងថា នៅមុនពេលកើតហេតុ ជាប់ផ្លូវទីតាំងកើតហេតុខាងលើ គឺមានអគារដ៏ធំមួយកំពុងសាងសង់ ដោយមានរថយន្តលាយស៊ីម៉ង់ត៍ជាច្រើនគ្រឿង និងរថយន្តបាញ់បេតុង បានបើកមកចតនៅកណ្ដាលផ្លូវ តែមានដាក់ស្លាកសញ្ញាបង្ហាញផ្លូវ ដើម្បីចាក់បេតុងសាងសង់អគារ។ ក្រោយមក ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-3122 ដែលបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកំពុងឈរបាញ់បេតុង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ និងគៀបជាប់ទៅមុខលេងរួច។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ហើយភ្លាមៗ ម្ចាស់រថយន្តក៏បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post