ភ្នំពេញៈ ក្រោយបោះឆ្នោត អាណត្តិទី៦រួចថ្មីៗនេះ ពលរដ្ននៅតាមមូលដ្ឋានសង្កាត់នានា បានទទូចស្នើសុំឲ្យអភិបាលរាជធានីភ្នំពេញ មេត្តាដាក់ចេញនូវផែនការ ឬបទញ្ជា ដែលធ្លាប់មានប្រសិទ្ធភាពជាថ្មីឡើងវិញផង ជូនអភិបាលខណ្ឌទាំង១២ ដើម្បីបន្តចាត់វិធានការចុះពិនិត្យទីតាំងបើក Internet ២៤ម៉ោង ក្រោយលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលពួកគាត់ កំពុងមានការព្រួយបារម្ភ ដោយសារអ្នកចាញ់ល្បែងអស់ទាំងនោះ នៅពពាក់ពពួនគ្នា និងពេលខ្លះអាចបែកគំនិតរហូតប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាដើម ដើម្បីយកលុយមកបំពេញចំណង់ចិត្តខ្លួន ក្នុងការលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ ដោយទីតាំងខ្លះប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ ប្រើប្រាស់ថ្នាំញៀនទៀតផងដែរ។
កន្លងមកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ធ្លាប់បានបើកកិច្ចប្រជុំមួយ ជាមួយមន្ដ្រីមកពីក្រសួងប្រៃយ៍សណី អភិបាលខណ្ឌទាំង១២ នគរបាល អាវុធហត្ថ និងមន្ដ្រីពាក់ព័ន្ធ ដាក់ផែនការចុះត្រួតពិនិត្យឡើងវិញ តាមទីតាំងបើកណេត ឬ Internet ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន ចុះទៅពិនិត្យមើលទីតាំងទាំងនេះ មើលអាជ្ញាប័ណ្ណ ដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង។ ទោះបីជាមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺត្រូវរកឲ្យឃើញបទល្មើស ដោយមានភ័ស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង។
ជាក់ស្ដែងមកទល់និងបោះឆ្នោតរួចហើយនេះ សង្កេតឃើញថា គ្រប់បណ្ដាហាងណេត និង Internet ២៤ម៉ោង ស្ទើរទាំងអស់ មិនសូវបានបម្រើដល់វិស័យទេសចរណ៍ទេ ក្នុងសម័យតេជោសន្តិភាព ដែលជាសម័យជឿនលឿននេះ ព្រោះទេសចរបរទេសស្ទើរតែទាំងអស់ មានសុទ្ធតែ Smart Phone សម្ភារៈនិយមទំនើបៗ ដែលប្រើប្រព័ន្ធអ៊ីនធឺណេតនៅក្នុងដៃហើយ ដើម្បីប្រើប្រាស់ ឬឆ្លើយឆ្លងទៅក្រុមគ្រួសារពួកគាត់ ហើយក្រុមនិស្សិតខ្លះក៏មិនយកទីតាំងនេះ ដើម្បីធ្វើការស្រាវជ្រាវ ឬសិក្សាបន្ថែមម៉ោងដូចសម័យមុនទៀតដែរ ព្រោះសម័យតេជោសម័យសន្តិភាពនេះ សិស្ស និស្សិតជាច្រើន សុទ្ធតែមាន Smart Phone ក្នុងដៃ និងខ្លះទៀតមានកុំព្យូទ័រ ឬ Laptop ភ្ជាប់ប្រព័ន្ធអ៊ិនធឺណិត យកតាមខ្លួន និងទុកប្រើប្រាស់នៅផ្ទះរៀងៗខ្លួនស្ទើតគ្រប់គ្នាហើយណាមួយទោះជាអ្នកអត់លទ្ធភាព ក៏គេមិនយកទីតាំងហាងអ៊ីនធឺណិតទាំងនោះ ដើម្បីស្រាវជ្រាវ ឬសិក្សាបន្ថែមអីទៀតដែរ ព្រោះសុទ្ធតែមនុស្សដែលងប់ងល់នឹងល្បែង នៅចាក់បាល់ លេងភ្នាល់តាមអនឡាញ ពពាក់ពពូនគ្នាពេញក្នុងណេត២៤ម៉ោងអស់ទាំងនោះ ដែលម្ចាស់ទីតាំងស្ទើរគ្រប់ទាំងអស់ បានយករូបភាពបើកហាង Internet ដែលអាងមានមានច្បាប់ និងអាជ្ញាប័ណ្ណ ពីក្រសួងប្រៃយ៍សណី ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បែរជាលួចបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ដែលពេលខ្លះបែរជាពិបាកនឹងចាត់វិធានការជាមួយពួកគាត់ទៅវិញ។
តាមព័ត៌មានពីមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលប្រឈមបានឲ្យដឹងថា បើយើងគ្រាន់តែមើលពីខាងក្រៅ គឺគ្រប់ទីតាំងហាង Internet ដែលលើកស្លាក និងជ្រកក្រោមស្លាក ណេត ២៤ម៉ោង ឬ Internet ២៤ម៉ោង ជាលក្ខណៈធម្មតា ដោយបិទទ្វារជិតឈឹង តែគឺសុទ្ធតែបានលួចបើកល្បែងភ្នាល់ស៊ីសងខុសច្បាប់ ជាច្រើនប្រភេទ តាមអនឡាញ ដូច្នេះពួកគាត់សង្ឃឹមថា លោកអភិបាលរាជធានីភ្នំពេញ នឹងដាក់ចេញចំណាត់ការនោះជាថ្មីម្ដងទៀតផង ដើម្បីធ្វើអនុវត្តឲ្យមានប្រសិទ្ធិភាពឡើងវិញ ដោយក្ដីគោរព ព្រោះចំណាត់ការចាស់ បានសាបជិតអស់ទៅហើយ រហូតដល់ថ្នាក់ផ្គើន និងបញ្ជា អភិបាលរាជធានីភ្នំពេញ លួចបើកដូចផ្សិតរាប់សិបកន្លែងក្នុងរាជធានីទៀតផង៕