ភ្នំពេញៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀត រងរបួសស្រា ក្រោយរថយន្តធុនធំមួយគ្រឿង បើកបុកពីក្រោយអូសជាង១០ម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចស្តុបជិតភោជយនីដ្ឋានស្រាបៀរ ក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពឈ្មោះ ប៊ុន្នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ហែក រ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកឡាន មានស្រុកកំណើតភូមិរកាធំ ឃុំផុង ស្រុកបសេធ ខេត្តកំពង់ស្ពឺ។
អ្នកឃើញហេតុការណ៍ បានដឹងថា មុនពេលកើត គេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកអុសពេញ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-5732 (ដឹកជញ្ជូន L.M.H ) បើកពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូហុងដា សេ១២៥ សេរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-7684 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតស្របគ្នានៅខាងមុនរថយន្ត ត្រូវរថយន្តកិនហើយអូសប្រមាណជាង១០ម៉ែត្រ បណ្ដាលបុរសម្នាក់ស្លាប់មួយរំពេច រីឯបុរសម្នាក់ទៀតខ្ទាតចូលចំកណ្ដាលរថយន្តរងរបួសស្រាល។ ភ្លាមៗនោះអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ស្ទឹងមានជ័យ៣។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្ត និងម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕