តាមគម្រោងរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីរដ្ឋសភាថ្មីបង្កើតនៅថ្ងៃទី០៥ ខែកញ្ញា ហើយសភាជាតិថ្មីបើកប្រជុំជាលើកដំបូងនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខ។ ក្រោយរៀបចំរដ្ឋាភិបាលថ្មីរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំនៅ UN (សហអាមេរិក) បន្ទាប់មកទៅសម្តេចនឹងធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួនដូចជាមាន ជប៉ុន ឥណ្ឌូណេស៊ី បែលហ្ស៊ិក តួកគី និងស្វ៊ីស។
កិច្ចប្រជុំលើកទី៧៣ នៅអង្គការសហប្រជាជាតិ (UN) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ សម្ដេចតេជៅ នឹងទៅចូលរួមកិច្ចប្រជុំនេះ។ ហើយកិច្ចប្រជុំនេះដែរ សម្ដេចតេជោនឹងធ្វើសេចក្តីថ្លែងការណ៍ ជុំវិញស្ថានការណ៍ប្រទេសកម្ពុជា នៅចំពោះមុខ ប្រមុខរដ្ឋនៃប្រទេសជាង១០០ទៀត។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅអង្គការសហប្រជាជាតិហើយ ប្រមុខរដ្ឋាភិបាលនឹងត្រូវចូលរួមវេទិកាមេគង្គ-ជប៉ុន នៅប្រទេសជប៉ុនផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រីនឹងបន្តទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន ជាមួយអង្គការរូបិយវត្ថុអន្តរជាតិ (IMF) ដែលត្រូវរៀបចំឡើងនៅថ្ងៃទី៨-១៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី មុននឹងទៅប្រជុំអាស៊ី-អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរបស់សម្តេចមិនទាន់បញ្ចប់ទេ សម្តេចតេជោនឹងធ្វើទស្សនកិច្ចនៅទីអង់ការ៉ា ប្រទេសតួកគីពីថ្ងៃទី២០-២២ ខែតុលា រួចបន្តទៅចូលរួមវេទិកាពាណិជ្ជកម្ម នៅថ្ងៃទី២២-២៥ ខែតុលា នាទីក្រុងហ្ស៊ឺណែវ ប្រទេសស៊្វីសទៀតផង។
សម្តេច ហ៊ុន សែន ធ្លាប់បានប្រសាសន៍ថា៖ សម្តេចស្វាគមន៍ទាំងអ្នកគាំទ្រ និងអ្នកប្រឆាំង នៅសហរដ្ឋអាមេរិក។