header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់ មុខសញ្ញាជនសង្ស័យចំនួន៥នាក់ ដែលសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណ និងតាមប្រមាញ់ បន្ទាប់ពីក្រុមចោរជំនាញប្រដាប់ដោយអាវុធគ្រប់ដៃទាំងនេះ បើកប្រតិបត្តិការប្លន់ធនាគារ អ.អេច.ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ទាំងកណ្ដាលថ្ងៃត្រង់ នាកណ្ដាលរាជធានីភ្នំពេញ ដោយយកបានប្រាក់ប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក។ រហូតមកទល់នឹងព្រលប់ថ្ងៃព្រហស្បត្តិ៍នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ និងបែងចែកកម្លាំងគ្រប់ច្រកល្ហក ដើម្បីតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

យោងតាមវិដេអូឃ្លីប ដែលសមត្ថកិច្ចផ្ដល់ឲ្យអង្គភាពសារព័ត៌មាន Cam Post បង្ហាញឲ្យដឹងថា អំពើប្លន់ប្រដាប់អាវុធនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា១១៖១៥នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ នៅចំណុចសាខាធនាគារ អ.អេច.ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ដែលមានទីតាំងនៅអគារសាលា វ៉ាន់ដា គណនេយ្យ (ក្រោមសាលា) នៅលើបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមរូបភាពពីវិដេអូឃ្លីប ក្រុមជនសង្ស័យមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ស្លៀកពាក់ស៊ីវិល (ឯកសណ្ឋានដូចៗគ្នា) មានពាក់ស្រោមដៃ និងមួកឃ្លុប (មួយសុវត្ថិភាព) បានទៅភ្ជង់គំរាមសន្តិសុខយ៉ាមខាងមុខធនាគារ ធ្វើជាចំណាប់ខ្មាំង ហើយនាំគ្នាដើរចូលទៅខាងក្នុង និងធ្វើសកម្មភាពប្រមូលយកលុយតែម្ដង ប៉ុន្តែមិនបង្កប្រទូសសរ៉ាយឲ្យមានមនុស្សរបួសឡើយ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងនេះ បាននាំគ្នាជិះម៉ូតូ២គ្រឿង គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីករណីប្លន់ខាងលើពីបុគ្គលិកធនាគារហើយនោះ នៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលឡើងខ្លាំងដល់មហាជន ក៏ដូចជាអ្នកសារព័ត៌មានតែម្ដង។ សមត្ថកិច្ចថា ភ្លាមៗនោះ បានឃាត់ខ្លួនបុរសម្នាក់ យកទៅសាកសួរ ប៉ុន្តែដោយរកឃើញថា មិនមានការពាក់ព័ន្ធ ក៏សម្រេចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ដោយឡែក ចំពោះការបាត់បងវិញ សមត្ថកិច្ចបានបញ្ជាក់ថា យ៉ាងហោចណាស់ ទឹកប្រាក់សរុបប្រមាណជាង១៨ម៉ឺនដុល្លារអាមេរិក ត្រូវបានបាត់បង់។ ហើយសម្រាប់ករណីនេះ មិនមានអ្នករងរបួសអ្វីឡើយ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញយ៉ាងច្រើន កំពុងធ្វើការឡោមព័ទ្ធជុំវិញបរិវេណធនាគារឥណ្ឌូឆៃណា ប៉ុន្តែមិនទាន់មានការលម្អិតអំពីករណីនេះនៅឡើយ​ទេ ខណៈ​​សមត្ថកិច្ចកំពុងធ្វើកោសលវិច័យ និងពិនិត្យលើកាមរ៉ាសុវត្ថិភាពនៅក្នុងធនាគារ។

បន្ទាប់ពីកើតហេតុការណ៍ប្លន់ធនាគារទាំងកណ្ដាលថ្ងៃ នៅកណ្ដាលក្រុងបែបនេះ បានធ្វើឲ្យប្រជាជនហាក់មានអារម្មណ៍ខ្លាចរអាចំពោះសុខសុវត្ថិភាពរបស់ពួកគេ មិនថា យប់ ឬថ្ងៃ។ ប្រជាពលរដ្ឋខ្លះលើកឡើងថា ធនាគារផងនៅចោរហ៊ានប្លន់ ចុះទម្រាំផ្ទះប្រជាពលរដ្ឋសាមញ្ញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post