
ភ្នំពេញៈ ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post រាយការណ៍ពីកន្លែងកើតហេតុឲ្យដឹងថា រហូតមកទល់នឹងម៉ោង៧៖១១នាទីព្រឹកនេះ អំណាចអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចក្លិបកម្សាន្ត 2ND ទើបបើកថ្មី នៅតាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។


សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លិបនេះផងដែរ។

